អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទើបទទួលរងការលួចធ្វើឃាតជាលើកទី២ អំឡុងពេលលោកលេងវាយកូនហ្គោលនៅរដ្ឋ Florida ខណៈខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួន និងមានមានបុគ្គលណាម្នាក់រងរបួសក្នុងហេតុការណ៍នេះឡើយ។
យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AP បានបង្ហាញថា ជនសង្ស័យក្នុងហេតុការណ៍នេះ គឺមានឈ្មោះថា Ryan Wesley Routh រស់នៅក្នុងរដ្ឋ Hawaii ហើយរូបគេត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាមួយកាំភ្លើង AK-47 មួយដើមផងដែរ។
មកទល់ពេលនេះ ក្រុមប៉ូលិស និង FBI កំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ជុំវិញករណីមួយនេះ ខណៈការសាកសួរចម្លើយនៅមិនទាន់ទទួលបានលទ្ធផលជាដុំកំភួននោះឡើយ។
គួររំលឹកបន្តិចថា នេះគឺជាការលួចធ្វើឃាតលើកទី២ ដែលបានកើតលើអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពោលកាលពី ២ខែមុន នៅខែកក្កដា មហាសេដ្ឋីអាមេរិកម្នាក់នេះ ក៏ធ្លាប់រងគ្រោះក្នុងហេតុការណ៍ស្រដៀងគ្នា អំឡុងពេលជួបអ្នកគាំទ្រនៅរដ្ឋ Pennsylvania និងមានរបួសត្រង់ត្រចៀកផងដែរ ស្របពេលជនសង្ស័យត្រូវបានកងអង្គរក្សបាញ់ស្លាប់ភ្លាមៗ៕