តម្លៃអង្កររបស់ប្រទេសថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាងមួយឆ្នាំ អំឡុងការដេញថ្លៃមួយដែលធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ីនាពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
អង្ករប្រភេទបាក់ ៥% របស់ថៃ បានធ្លាក់ចុះតម្លៃមកនៅចន្លោះពី ៥៥០ដុល្លារ ទៅ ៥៦៥ដុល្លារក្នុងមួយតោនក្នុងសប្តាហ៍នេះ ដែលជាតម្លៃទាបបំផុតគិតចាប់តាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ មក ខណ:តម្លៃនេះគឺបន្តធ្លាក់ចុះពី ៥៨៥ដុល្លារ កាលពីសប្តាហ៍មុន។
បើតាមអាជីវករម្នាក់ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បាននិយាយថា ទីផ្សារនៅតែមើលឃើញថាអង្ករថៃមានកម្រិតខ្ពស់ដដែល ខណ:តម្លៃអាចនឹងបន្តកើនឡើងវិញ បើទោះបីជាទឹកជំនន់នៅតំបន់ភាគខាងជើងប្រទេស បាននិងកំពុងប៉ះពាល់ដល់ការប្រមូលផលក្តី។
ពាណិជ្ជករថៃម្នាក់ទៀត ក៏បាននិយាយផងដែរថា តម្លៃត្រូវបានថ្លឹងថ្លែងដោយដៃគូប្រកួតប្រជែងនានា ហើយអ្នកដេញថ្លៃរបស់ថៃ បានចាញ់អ្នកនាំចេញផ្សេងទៀតនៅក្នុងការដេញថ្លៃនាពេលថ្មីៗនេះដែលរៀបចំធ្វើឡើងដោយប្រទេសឥណ្ឌូណេស៊ី ដោយសារតែគេឲ្យតម្លៃខ្ពស់ជាង។
ទោះជាយ៉ាងណាក៏ដោយ ក្រុមពាណិជ្ជករថៃបាននិយាយថា នឹងមានតម្រូវការពីអតិថិជនអាហ្វ្រិក និងអឺរ៉ុបមុនខែតុលា ពីព្រោះការបញ្ជាទិញទាំងនោះនឹងត្រូវដឹកជញ្ជូនទៅចែកចាយនៅមុនចុងខែធ្នូ។
ទន្ទឹមនឹងនេះ អង្ករសំរូប ៥% របស់ឥណ្ឌា បានធ្លាក់ថ្លៃមកត្រឹម ៥៣៤ដុល្លារក្នុងមួយតោនក្នុងសប្តាហ៍នេះ ដែលជាតម្លៃទាបបំផុតចាប់តាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ និងធ្លាក់ចុះពីតម្លៃ ៥៤០ដុល្លារកាលពីសប្តាហ៍មុន។
ចំណែកឯអង្ករបាក់ ៥% របស់វៀតណាមវិញ ត្រូវបានដាក់លក់ក្នុងតម្លៃ ៥៦៧ដុល្លារក្នុងមួយតោន នៅថ្ងៃទី១២ ខែកញ្ញា ពោលគឺធ្លាក់ចុះពីតម្លៃ ៥៧៥ដុល្លារកាលពីសប្តាហ៍មុន។នេះបើយោងតាមរបាយការណ៍ពីសមាគមស្បៀងអាហារវៀតណាម៕