យោងតាមការប៉ាន់ស្មានបឋមពីក្រសួងវិនិយោគវៀតណាម បានបង្ហាញឲ្យដឹងថា ខ្យល់ព្យុះទីហ្វុង Yagi ដែលជាព្យុះដ៏មានឥទ្ធិពលបំផុតក្នុងតំបន់អាស៊ីនៅឆ្នាំនេះ បានធ្វើឲ្យប្រទេសវៀតណាម ខាតបង់ទឹកប្រាក់សរុបប្រហែល ១,៦ពាន់លានដុល្លារ និងថែមទាំងអាចកាត់បន្ថយដល់អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេស ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
របាយការណ៍ពីក្រសួងដដែលនេះ បាននិយាយទៀតថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ក្នុងឆ្នាំ២០២៤នេះ អាចនឹងធ្លាក់ចុះ ០,១៥% បើធៀបនឹងការព្យាករពីមុន ដោយសារឥទ្ធិពលនៃព្យុះទីហ្វុង Yagi នេះ។
ក្នុងចំណោមវិស័យដែលរងគ្រោះខ្លាំងជាងគេ គឺវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកំណើនរបស់វិស័យទាំងនេះអាចថយចុះ ០,៣៣% ចំណែកឯវិស័យឧស្សាហកម្ម និងសំណង់ អាចមានផលប៉ះពាល់តិចតួចពីចំណុចមូលដ្ឋាន។
ទន្ទឹមនឹងនេះ យោងតាមទិន្នន័យពីទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសវៀតណាម បានឲ្យដឹងថា ព្យុះទីហ្វុងដ៏កាចសាហាវដែលបានបោកបក់កាលពីថ្ងៃទី៧ ខែកញ្ញា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩២នាក់ និងបាត់ខ្លួន ៣៨នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញានេះ។
ខ្យល់ព្យុះ រួមទាំងទឹកជំនន់ បានជន់លិចផ្ទៃដីស្រែសរុបចំនួន ១៩ម៉ឺនហិកតា និងបំផ្លាញផ្ទៃដី ៤៨ ០០០ ហិកតាផ្សេងទៀតដែលដាំដុះដំណាំដូចជាពោត និងដំឡូងមី និងខូចខាតផ្ទះជិត ២៣២ ០០០ ខ្នង នៅភាគខាងជើងប្រទេសវៀតណាម។
បន្ថែមពីនេះ ទីក្រុង Haiphong ដែលជាបណ្តុំសួនឧស្សាហកម្មធំៗជាច្រើន បានកត់ត្រាអំពីការខាតបង់ និងការខូចខាតអស់ទឹកប្រាក់ប្រហែល ១១ទ្រីលានដុង (៤៤៨លានដុល្លារ) ពីឥទ្ធិពលខ្យល់ព្យុះទីហ្វុង Yagi នេះ៕