គ្រប់គ្នាអាចប្រហែលជាស្គាល់បានត្រឹមថា លោក Maximillion Cooper គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃព្រឹត្តិការណ៍ប្រជុំរថយន្ត Gumball 3000 ដ៏ល្បីល្បាញជុំវិញពិភពលោក តែអ្វីដែលកាន់តែពិសេសនោះ បុរសវ័យ ៥២ឆ្នាំរូបនេះគឺជាសេដ្ឋីសញ្ជាតិអង់គ្លេស ដែលមានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ៦០លានដុល្លារ និងក៏ជាបុគ្គលដែលស្ថិតនៅក្នុងបញ្ជីទាំង៥០រូប ដែលមានឥទ្ធិពលបំផុតក្នុងវិស័យរថយន្តផងដែរ។

ផ្អែកតាមការចុះផ្សាយពី Celebrity Networth បានឲ្យដឹងថា លោក Maximillion Cooper គឺជាសហគ្រិន ជាអ្នកប្រណាំងរថយន្ត ហើយក៏ជាអ្នកជំនាញឌីហ្សាញឲ្យប្រែនល្បីៗជាច្រើនក្នុងវិស័យរថយន្ត ក៏ដូចជាវិស័យម៉ូដសំលៀកបំពាក់ រួមទាំងប្រែនល្បីៗលំដាប់ពិភពលោកដូចជា LVMH, adidas, Aston Martin ផងដែរ ខណៈនាពេលបច្ចុប្បន្នទំហំទ្រព្យសម្បត្តិរបស់លោកត្រូវបានប៉ាន់ប្រមាណថាមានចំនួនដល់ទៅ ៦០លានដុល្លារ។

មិនតែប៉ុណ្ណោះ នៅលើឆាកអន្តរជាតិ Cooper ក៏ជាបុគ្គលម្នាក់ដ៏មានភាពល្បីល្បាញផងដែរ ដោយត្រូវបានសាធារណៈជនបោះឆ្នោតគាំទ្រស្ថាបនិកព្រឹត្តិការណ៍ Gumball 3000 រូបនេះថាជាបុគ្គលដែលមានឥទ្ធិពលបំផុតក្នុងវិស័យរថយន្ត។ នេះបើយោងតាមការចុះផ្សាយពីទស្សនាវដ្តី Complex ។
សូមជម្រាបផងដែរថា ព្រឹត្តិការណ៍ Gumball 3000 ធ្វើនៅកម្ពុជាលើកដំបូងនេះ ប្រារព្ធចំពេលគម្រប់ខួប ២៥ឆ្នាំនៃការបង្កើត Gumball 3000 ហើយការបើកដង្ហែររថយន្តសារនេះ ក៏ជាការកើតឡើងលើកដំបូងនៅក្នុងទឹកដីអាស៊ានផងដែរ៕
