អតីតកីឡាករល្បីឈ្មោះបីរូបដែលបង្ហាញវត្តមានក្នុងមហាព្រឹត្តិការណ៍ Gumball 3000 សុទ្ធតែជាបុគ្គលមានទ្រព្យសម្បត្តិខ្ទង់លានដុល្លារ

អន្តរជាតិ

មហាព្រឹត្តិការណ៍ Gumball 3000 កំពុងទាក់ទាញបណ្តាអ្នកសេ្នហាវិស័យរថយន្តរាប់ម៉ឺននាក់នៅកម្ពុជា ខណ:កម្មវិធីដ៏អស្ចារ្យនេះធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤ ដែលមានទីតាំងនៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់កំពូលតារាអន្តរជាតិ YouTubers និងកីឡាករល្បីៗជាច្រើនរូប មកពីជុំវិញពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះដែរគេសង្កេតឃើញវីរបុរសក្រុមបិសាចក្រហម Manchester United គឺលោក Patrice Evra រួមជាមួយអតីតកីឡាករ Baseball លោក Ken Griffey Jr. និងអតីតកីឡាករបាល់ឱប លោក Jimmy Graham​ ក៏បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ផងដែរ។

យ៉ាងណាមិញ យើងក្រឡេកមកចាប់អារម្មណ៍លើប្រវត្តិទាក់ទងខ្លះៗរបស់អតីតកីឡាករល្បីឈ្មោះទាំងបីរូបខាងលើនេះ៖

លោក Patrice Evra គឺជាអតីតកីឡាករបាល់ទាត់របស់ក្រុមជម្រើសជាតិបារាំង ក្លិបបិសាចក្រហម Manchester United និង Juventus។ លោក Evra កើតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៨១ ត្រូវបានចាត់ទុកថាជាខ្សែការពារដ៏ល្អបំផុតម្នាក់ក្នុងជំនាន់របស់លោក ដែលជាហេតុធ្វើឲ្យលោកទទួលបានការគាំទ្រ និងមានអ្នកតាមដានជុំវិពិភពលោកប្រមាណជាង ១០លាននាក់។ បច្ចុប្បន្នលោក Evra មានទ្រព្យសរុបប្រមាណជាង ១០លានដុល្លារ។

លោក Ken Griffey Jr. គឺជាអតីតកីឡាករ Baseball អាជីពជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៩០លានដុល្លារ។ Ken Griffey Jr. បានចំណាយពេលក្នុងអាជីពរបស់ខ្លួនលេងឲ្យក្រុមធំៗដូចជា Seattle Mariners និង Cincinnati Reds ជាដើម។

លោក Jimmy Graham ជាកីឡាករបាល់ឱបអាជីពជនជាតិអាមេរិកដ៏ល្បីឈ្មោះមួយរូប ដោយចាប់ផ្តើមអាជីពដំបូងរបស់ខ្លួននៅក្នុងក្រុម ​Charis Prep High School មុនពេលផ្លាស់ទៅចូលរួមជាមួយក្រុមលំដាប់កំពូល New Orleans Saints របស់ក្របខ័ណ្ឌ NFL នៅឆ្នាំ២០១០។ បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់ Jimmy ត្រូវបានប៉ានប្រមាណថាមានចំនួន ១២លានដុល្លារ។

ជម្រាបជូនផងដែរថា មហាព្រឹត្តិការណ៍ Gumball 3000 មិនទាន់បញ្ចប់នៅឡើយទេ ពោលគឺកំពុង​ប្រព្រឹត្តិ​ធ្វើឡើងនៅទឹកដីអង្គរ ខេត្តសៀមរាប ដោយមានក្បួនធ្វើដំណើរកម្សាន្តជួបជុំគ្នា មុនពេលមានកម្មវិធីដាក់តាំងបង្ហាញរថយន្តទំនើបៗ ថ្លៃៗ ច្រើនបំផុតនៅពីមុខប្រាសាទអង្គរ ដើម្បីបំបែកកំណត់ត្រា Guinness World Record នាព្រឹកថ្ងៃទី១៧ ខែកញ្ញា៕