ក្រុមហ៊ុនផលិតវែនតា EssilorLuxottica បានប្រកាសនាថ្ងៃទី១៧ ខែកញ្ញានេះថា ពួកគេនឹងបន្តភាពជាដៃគូសហការយូរអង្វែង ជាមួយក្រុមហ៊ុន Meta Platforms ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តឲ្យកាន់តែពិសេសថែមទៀត។
យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា ក្រុមហ៊ុនទាំង ២នេះ បានចុះកិច្ចព្រមព្រៀងជាដៃគូសហការ តាំងពីឆ្នាំ២០១៩ និងបានបង្កើតវែនតាឆ្លាតវៃ ២ជំនាន់រួចមកហើយ។
វែនតាឆ្លាតវៃជំនាន់ទីមួយរបស់ក្រុមហ៊ុនទាំង២ រងការប៉ះទង្គិច និងរិះគន់ជាខ្លាំង ក៏ប៉ុន្តែឆ្លងកាត់ការធ្វើកំណែអាប់ដែតថ្មី វែនតាជំនាន់ទី២ ដែលបានចេញលក់ចុងឆ្នាំ២០២៣ ទទួលបានការបញ្ជាទិញរាប់ពាន់ដើម និងទទួលបានការកោតសរសើរខ្លាំងផងដែរ។
គួររំលឹកដែរថា វែនតាឆ្លាតវៃដែលផលិតដោយក្រុមហ៊ុនទាំង២ នេះ អនុញ្ញាតឲ្យអតិថិជនអាចលើកទូរស័ព្ទ ស្ដាប់ចម្រៀង និងផ្ដិតយករូបភាពដោយផ្ទាល់ តាមការបញ្ជាលើដងវែនតាតែម្ដង៕