សហស្ថាបនិកក្រុមហ៊ុនហ្គេមលំដាប់កំពូល Tencent Holdings លោក Pony Ma បានត្រលប់មកគ្រងតំណែងជាអ្នកមានដាច់គេម្តងទៀត នៅក្នុងប្រទេសចិន ដោយវ៉ាដាច់មហាសេដ្ឋីទឹកសុទ្ធ លោក Zhong Shanshan ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ៤៤ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។
គួរឲ្យដឹងថា Zhong បានធ្លាក់មកចំណាត់ថ្នាក់លេខ៣ ស្របពេលលោក Zhang Yiming ដែលជាស្ថាបនិកក្រុមហ៊ុន ByteDance ឡើងមកកាន់ចំណាត់ថ្នាក់លេខ២ ក្នុងនាមជាអ្នកមានបំផុត នៅក្នុងប្រទេសចិន។
ទ្រព្យសម្បត្តិរបស់លោក Ma បានកើនឡើងយ៉ាងខ្លាំង នាពេលថ្មីៗនេះ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Tencent ហក់ឡើងខ្ពស់លើសក្រុមហ៊ុនគូប្រជែងផ្សេងទៀត ចំពេលទីផ្សារហ្គេមនៅក្នុងប្រទេសចិនមានកំពុងមានសន្ទុះខ្លាំង។
ជម្រាបជូនផងដែរថា ទ្រព្យសម្បត្តិរបស់លោក Ma នៅតែធ្លាក់ចុះប្រហែល ៤០% ពីកម្រិតកំពូលរបស់ខ្លួនដែលបានកត់ត្រាទុក នៅក្នុងខែមករា ឆ្នាំ២០២១ ។នេះបើយោងតាមសន្ទស្សន៍ទ្រព្យសម្បត្តិចេញផ្សាយដោយសារព័ត៌មាន Bloomberg ៕