រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីតាលី លោក Antonio Tajani បាននិយាយថា ប្រទេសរបស់លោកនឹងគាំទ្រពេញទំហឹងទៅលើការដំឡើងពន្ធរហូតដល់ទៅ ៣៥,៣% សម្រាប់រថយន្តអគ្គិសនីរបស់ប្រទេសចិន ពីសំណាក់គណៈកម្មការអឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
នៅក្នុងបទសម្ភាសមួយ លោក Tajani បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន Corriere della Seraថា៖”យើងគាំទ្រកិច្ចការដែលគណៈកម្មការសហភាពអឺរ៉ុបបានស្នើឡើង ជុំវិញការដំឡើងពន្ធនេះ ដើម្បីការពារការប្រកួតប្រជែងរបស់ក្រុមហ៊ុននៅក្នុងសហភាពរបស់យើង” ។
គួរឲ្យដឹងថារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao កំពុងបំពេញទស្សនកិច្ចនៅអឺរ៉ុប ដើម្បីជួបពិភាក្សាដោះស្រាយទៅនឹងបញ្ហា ដែលសហភាពអឺរ៉ុបប្រឆាំងនឹងការនាំចូលរថយន្តអគ្គិសនី ដែលផលិតដោយប្រទេសចិន។
ទន្ទឹមនឹងនេះ បើតាមសារព័ត៌មាន Reuters បានឲ្យដឹងថា ដំបូងឡើយអ៊ីតាលី បានគាំទ្រដល់ការដំឡើងពន្ធរបស់សហភាពអឺរ៉ុប ក្នុងលក្ខខណ្ឌមិនចាំបាច់ត្រូវមានការបោះឆ្នោតអ្វីនោះឡើយ ប៉ុន្តែរដ្ឋមន្ត្រីឧស្សាហកម្មអ៊ីតាលី លោក Adolfo Urso រំពឹងថានឹងមានដំណោះស្រាយលើការចរចាជាមុនសិន។
ជម្រាបជូនថា គណៈកម្មការអឺរ៉ុប ត្រូវការបោះឆ្នោតយល់ព្រមពីសមាជិកក្នុងសហភាពរបស់ខ្លួន មុនឈានទៅដល់ការសម្រេចចុងក្រោយលើការដំឡើងពន្ធដល់ ៣៥,៣% លើរថយន្ត EV ដែលផលិតដោយប្រទេសចិន ខណ:កន្លងមកសហភាពអឺរ៉ុបដាក់ពន្ធលើការនាំចូលរថយន្តតែ ១០% ប៉ុណ្ណោះ៕