មហាសេដ្ឋីមានបំផុតនៅអេហ្ស៊ីប លោក Nassef Sawiris មានកំណើនទ្រព្យសម្បត្តិយ៉ាងច្រើន រយៈពេល ៩ខែមកនេះ ដោយបានកើនឡើងប្រហែល ៩១២លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Nairametrics។
កត្តាសំខាន់ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះ កើនឡើងជាលំដាប់ គឺដោយសារតម្លៃភាគហ៊ុនក្រុមហ៊ុន OCI Group របស់លោក មានកំណើនប្រហែល ៨% ខណៈក្រុមហ៊ុននេះមានតម្លៃមូលធនទីផ្សារជាង ៦ពាន់លានដុល្លារ។
ក្រោមការដឹកនាំរបស់លោក Nassef ក្រុមហ៊ុន OCI ឆ្លងកាត់ការកែប្រែជាច្រើន ជាពិសេសគឺធ្វើកំណែទម្រង់ ផ្ដោតសំខាន់លើការអភិវឌ្ឍន៍យុត្តិសាស្ត្រ និងភាពបត់បែនលឿន ស្របពេលក្រុមហ៊ុន OCI គឺជាក្រុមហ៊ុនធំបំផុតនៅអេហ្ស៊ីប រកស៊ីលើវិស័យគីមី និងជីកសិកម្ម។
សូមជម្រាបដែរថា លោក Nassef Sawiris គឺជាមហាសេដ្ឋីមានបំផុតនៅអេហ្ស៊ីប ជាមួយទ្រព្យសម្បត្តិប្រមាណ ៩,៤ពាន់លានដុល្លារ៕