កូនប្រុសពៅប្រធានាធិបតីឥណ្ឌូណេស៊ី ចូលខ្លួនជួបទីភ្នាក់ងារប្រឆាំងអំពើពុករលួយ ជុំវិញការប្រើប្រាស់យន្តហោះឯកជន

អន្តរជាតិ

លោក Kaesang Pangarep កូនប្រុសពៅរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានទៅជួបទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេស កាលពីថ្ងៃអង្គារ ទី១៧ ខែកញ្ញាកន្លងទៅ ដើម្បីស្រាយបំភ្លឺជុំវិញការប្រើប្រាស់យន្តហោះឯកជន នាពេលថ្មីៗនេះ ដោយបានបដិសេធថានោះគឺមិនមែនជាយន្តហោះផ្ទាល់ខ្លួន របស់លោកនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របៀបរស់នៅដ៏​ស៊ីវីល័យ​របស់លោក Kaesang Pangarep ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមដោយភរិយារបស់លោកកាលពីពេលថ្មីៗនេះ បានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីមហាជននៅក្នុងប្រទេសឥណ្ឌូណេស៊ី។

ប៉ុន្តែទោះជាយ៉ាងណា លោក Kaesang បានចេញមុខច្រានចោលការចោទប្រកាន់នេះទាំងនោះស្រុង និងបានបញ្ជាក់ថា យន្តហោះឯកជននោះ គឺជារបស់មិត្តភក្តិលោកទេ ខណ:ការទៅជួបជាមួយទីភ្នាក់ងារប្រឆាំងអំពើពុករលួយ គឺជាការស្ម័គ្រចិត្តរបស់លោកដោយផ្ទាល់ និងគ្មានការកោះហៅណាមួយត្រូវធ្វើឡើងនោះឡើយ។

គួរឲ្យដឹងថាព័ត៌មានអំពីការធ្វើដំណើររបស់លោក Kaesang និងភរិយាទៅកាន់សហរដ្ឋអាមេរិកតាមរយ:យន្តហោះឯកជនមួយកាលពីខែមុន បានផ្ទុះឡើងនៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងការស្នើច្បាប់ដែលនឹងអនុញ្ញាតលោក Kaesang វ័យ ២៩ឆ្នាំ អាចឈរឈ្មោះក្នុងការបោះឆ្នោតជាមេដឹកនាំថ្នាក់តំបន់ នាពេលខាងមុខបាន។

ទន្ទឹមនឹងនេះ លោក Francine Widjojo ជាអ្នកនាំពាក្យរបស់លោក Kaesang បាននិយាយថា កូនប្រុសពៅរបស់ប្រធានាធិបតីរូបនេះ ដំបូងឡើយមានគម្រោងហោះហើរទៅកាន់សហរដ្ឋអាមេរិកតាមរយ:ជើងហោះហើរពាណិជ្ជកម្មធម្មតាប៉ុណ្ណោះ ប៉ុន្តែក្រោយមកបានប្តូរផែនការវិញ ដោយបានទៅជិះយន្តហោះឯកជនរបស់មិត្តភ័ក្តិលោកដែលកំពុងធ្វើដំណើរទៅកាន់គោលដៅដូចគ្នា៕