ប្រធានាធិបតី និងមេបក្សកុម្ម៉ុយនីស្តវៀតណាម លោក To Lam គ្រោងជួបជាមួយអ្នកតំណាងក្រុមហ៊ុនខ្នាតយក្សអាមេរិកជាច្រើន អំឡុងពេលលោកជាប់ភារកិច្ច ទៅបំពេញទស្សនកិច្ចនៅទីនោះនាសប្ដាហ៍ក្រោយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា លោក To Lam នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង ទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីលោកចូលកាន់តំណែងកំពូលនៅវៀតណាម កាលពីដើមខែសីហាកន្លងទៅ។
ក្នុងដំណើរទស្សនកិច្ចមួយនោះ ប្រមុខរដ្ឋវៀតណាម នឹងជួបជជែកការងារជាមួយអ្នកតំណាងក្រុមហ៊ុនធំៗជាច្រើន ដូចជា ក្រុមហ៊ុន Google និង Meta Platforms ជាដើម។
ក្រៅពីការជួបជាមួយអ្នកតំណាងក្រុមហ៊ុនធំៗហើយ ក៏មានក្ដីរំពឹងទុកខ្ពស់ថា ប្រមុខរដ្ឋវៀតណាមរូបនេះ អាចនឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផងដែរ ក៏ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់មានដំណឹងបញ្ជាក់ផ្លូវការនោះឡើយ៕