ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Mediastorm ដែលមានមូលដ្ឋាននៅប្រទេសចិន បានប្រកាសថាបុគ្គលិកជាង ១០០ នាក់របស់ខ្លួន រួមទាំងអ្នកហាត់ការ និងបុគ្គលិកទើបជួលថ្មីៗ នឹងទទួលបានអំណោយទូរស័ព្ទជំនាន់ចុងក្រោយ iPhone 16 Pro ម្នាក់មួយគ្រឿង។ នេះបើការចុះផ្សាយពីសារព័ត៌មាន VN Express។
សេចក្តីប្រកាសមួយដែលចេញដោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Mediastorm អំពីការចែកទូរស័ព្ទទំនើបដល់បុគ្គលិករបស់ខ្លួននេះ បានផ្ទុះឡើងយ៉ាងខ្លាំងនៅលើបណ្តាញសង្គមចិន ដែលមានអ្នកចូលមើលជិត ១៤ លានដង ក្នុងរយៈពេលត្រឹមមួយថ្ងៃ។
ការចែកអំណោយដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការប្រកាសចេញជាផ្លូវការនៃទូរស័ព្ទជំនាន់ចុងក្រោយ iPhone 16 របស់ក្រុមហ៊ុន Apple កាលពីថ្ងៃទី១០ ខែកញ្ញា ជាមួយនឹងម៉ូដែល Pro ដែលមានតម្លៃចាប់ពី ៩៩៩ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
ជម្រាបជូនថា នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុន Mediastorm ផ្តល់រង្វាន់ជូនដល់បុគ្គលិករបស់ខ្លួន ជាមួយនឹងអំណោយដ៏មានតម្លៃបែបនេ ខណ:បើយោងតាមសារព័ត៌មាន China Press បានឲ្យដឹងថាក្រុមហ៊ុននេះ ក៏ធ្លាប់បានប្រគល់ទូរស័ព្ទ iPhone ម៉ូដែលចុងក្រោយបំផុតនៅក្នុងឆ្នាំមុនៗ ដូចជាកាករផ្តល់ iPhone 14 Pro នៅឆ្នាំ២០២២ និង iPhone 15 Pro នៅឆ្នាំ២០២៣ កន្លងទៅផងដែរ៕