នាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway លោក Warren Buffet គឺជាអ្នកជំនួញជនជាតិអាមេរិកដ៏លេចធ្លោមួយរូប ត្រូវបានគេស្គាល់ជាទូទៅថា ជាអ្នកជំនាញខាងវិនិយោគ និងសន្សំសំចៃប្រាក់ ខណៈនាពេលបច្ចបុ្បន្ន បើផ្អែកតាមទស្សនាវដ្តី Forbes ចុះផ្សាយថា រូបលោកមានទ្រព្យរហូតដល់ទៅ ១៤៤ពាន់លានដុល្លារ។ តែយ៉ាងណា ងាកមកមើលទំលាប់ប្រចាំថ្ងៃ ក៏ដូចជាភាពឆ្លាតវៃក្នុងការវិនិយោគ និងសន្សំសំចៃប្រាក់របស់មហាសេដ្ឋីវ័យ ៩៤ឆ្នាំរូបនេះវិញ មានចំណុចពិសេសយ៉ាងណាខ្លះ?

ផ្អែកតាមគេហទំព័រ Gobankingrates បានបង្ហាញឲ្យដឹងនូវទំលាប់ទាំង ១0ចំណុច របស់លោកមហាសេដ្ឋី Warren Buffet ដែលមានដូចជា៖
ទី១. ថ្វីត្បិតមានទ្រព្យចាយហូរហៀរមែន តែលោក Warren Buffet នៅតែរស់នៅក្នុងផ្ទះដែលមានអាស័យដ្ឋាននៃទីក្រុង Omaha រដ្ឋ Nebraska ដែលលោកបានទិញនៅឆ្នាំ១៩៥៨ តម្លៃ ៣១ ៥០០ដុល្លារ ហើយបើប្រៀបធៀបនឹងឆ្នាំ២០២០ ហាំងឆេងផ្ទះរបស់លោកគឺខ្ទង់ ២៨៥ ០០០ដុល្លារ។

ទី២. អ្នកប្រហែលជាគិតថា ឋានៈជាមហាសេដ្ឋីទៅហើយ ប្រហែលជាទទួលទាននូវម្ហូបអាហារតម្លៃថ្លៃៗ ឬជួលមេចុងភៅមកចម្អិនអាហារឲ្យខ្លួនឯងផ្ទាល់។ ប្រសិនបើអ្នកមានគំនិតដូច្នេះ ប្រាកដជាផ្ទុយខុសស្រឡះ ព្រោះជីវិតរស់នៅប្រចាំថ្ងៃរបស់លោកមានភាពសាមញ្ញ មិនចាយប្រាក់ខ្ជះខ្ជាយលើផលិតផលដែលមានតម្លៃហួសហេតុនោះទេ ដោយភាគច្រើនត្រូវបានគេសង្កេតឃើញតែងតែចូលចិត្តញាំអាហារបែប Fast Food ។

ទី៣. ជាទូទៅនាយកប្រតិបត្តិ ឬក៏ជាម្ចាស់ក្រុមហ៊ុនអ្វីមួយ សង្កេតឃើញថាតែងតែជិះរថយន្តប្រណិត សាកសមនឹងតួនាទីរបស់ខ្លួន តែផ្ទុយមកវិញ ខុសពីអ្នកដ៏ទៃទាំងនោះ លោកចូលចិត្តទិញឡានបញ្ចុះតម្លៃ ដែលមានតម្លៃសមរម្យ។ តាមឯកសារពី BBC អ្នកនាង Susie Buffett កូនស្រីលោក Warren Buffet ធ្លាប់បង្ហើបថា ប៉ារបស់ខ្លួនទិញតែរថយន្តបញ្ចុះតម្លៃ ដូចរថយន្តលិចទឹកដោយសារទឹកជំនន់ ហើយត្រូវបានគេយកមកជួសជុល រួចដាក់លក់បន្តជាដើម។ ពេលខ្លះទៀត គាត់ជិះឡានមិនខ្ចីដូរសារី ទាល់តែខ្ញុំប្រាប់គាត់ថា គួរឲ្យខ្មាស់គេណាស់ ល្មមដូរទៅទិញឡានថ្មីហើយ។

ទី៤. នោះគឺជាការរក្សាមិត្តភាពដ៏ស្និស្នាលជាមួយមិត្តភក្ត្ររបស់លោក ដែលជាមហាសេដ្ឋីដូចគ្នា។ ទំនាក់ទំនងមិត្តភាពរវាង Warren Buffet និង Bill Gate បានរក្សាចំណងយ៉ាងរឹងមាំគ្នានឹងគ្នា និងរៀនពីគ្នាទៅវិញទៅមក ដោយធ្លាប់ម្តងនៅថ្ងៃខួបកំណើតរបស់លោក Warren Buffet មហាសេដ្ឋីអាមេរិកលោក Bill Gate បានលើកឡើងថា ក្នុងចំណោមរឿងទាំងអស់ដែលខ្ញុំបានរៀនពី Warren Buffet រឿងសំខាន់បំផុតនោះគឺមិត្តភាពនៃទំនាក់ទំនងដែលយើងបានធ្វើកន្លងមក។

ទី៥. មិនប្រើទូរសព្ទថ្មីទេ ប្រសិនបើទូរសព្ទ Nokia មិនបាត់។ ក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយទូរទស្សន៍ CNBC Squawk Box កាលពីខែកុម្ភៈ ឆ្នាំ២០២០ លោកបានបង្ហាញអារម្មណ៍មិនចង់ចាយលុយច្រើនទៅទិញទូរសព្ទថ្មីទេ ទោះបីកាលនោះលោកកំពុងប្រើទូរសព្ទ Smart Phone មួយគ្រឿងដែរក៏ដោយ។ លោកបញ្ជាក់ច្បាស់ៗថា បើកុំតែទូរសពុ្ទ Nokia បត់របស់លោក ធ្លាប់ប្រើជាច្រើនឆ្នាំនោះបានបាត់ទេ កុំអីក៏មិនប្រើ iPhone 11 នេះដែរ។

ទី៦. ជាមនុស្សមិនដូរស៊េរីតាមសម័យកាល មិនរកអ្នកច្នៃម៉ូដសំលៀកបំបាក់ដែលយកកម្រៃថ្លៃទេ ផ្ទុយទៅវិញគាត់ចាប់ចិត្តទិញតែសំលៀកបំបាក់ដែលដេរចេញពីស្នាដៃជនជាតិចិនម្នាក់ឈ្មោះ Madam Li ដែលលោកបានជួបអំឡុងឆ្នាំ២០០៧ ។ នៅក្នុងបទសម្ភាសន៍មួយជាមួយ CNBC លោកលើកឡើងពីខោអាវដែលលោកបានស្លៀក ត្រូវបានគេសរសើរថាសាកសមនឹងរូបរាងរបស់គាត់ណាស់។ លោកថា យូរហើយមិនដែលបានគេសរសើរទេ តែដល់ពេលខ្ញុំស្លៀកពាក់ឈុតរបស់ Madam Li មានគេសរសើរខ្ញុំរហូត។ ក្នុងចំណុចនេះ លោកក៏មានទស្សនៈមួយដែរថា៖ ទិញទំនិញត្រូវទិញអីដែលប្រើបានយូរ កុំគ្រាន់តែទិញអីដែលមានម៉ាកល្បីជាប់ជាមួយនឹងវា។

ទី៧. ជាមហាសេដ្ឋីក៏ពិតមែន តែពេលទិញទំនិញម្តងៗ លោកសន្សំបណ្ណបញ្ចុះតម្លៃជានិច្ច។ ក្នុងលិខិតកាលពីឆ្នាំ២០១៧ របស់លោក Bill Gates ដែលបានរំលឹកអំពីដំណើរកម្សាន្តរួមគ្នាទៅជួបជាមួយអ្នកវិនិយោគ ក្នុងគ្រានោះខ្លូនបានឲ្យលោក Buffet ចេញអាហារថ្ងៃត្រង់មួយពេលនៅហាង McDonald’s។ លោក Buffet កាលនោះមិនចាយប្រាក់សម្រាប់ទូទាត់ថ្លៃអាហារនោះទេ តែបែរជាប្រើបណ្ណបញ្ចុះតម្លៃទៅវិញ។

ទី៨. លោក Buffet បានធ្វើការនៅក្នុងអាគារការិយាល័យកណ្តាលតែមួយ មិនផ្លាស់ប្តូរទៅទីកន្លែងផ្សេងបើទោះមានប្រាក់ពាន់លាន អស់រយៈពេលជាង ៥០ឆ្នាំមកហើយ។ លោក Buffet បាននៅធ្វើការក្នុងអាគារការិយាល័យដដែល ចាប់តាំងពីខ្លួនបានចូលប្រឡូកជាមួយក្រុមហ៊ុន Berkshire Hathaway ក្នុងសតវត្សឆ្នាំ១៩៦០ ។

ទី៩. លោក Warren Buffet ជាមនុស្សម្នាក់ដែលចូលចិត្តគិតក្រៅប្រអប់។ សៀវភៅ The Making of American Capitalist របស់អ្នកនិពន្ធ Roger Lowenstein បានសរសេរឡើងថា ក្រោយពីកូនច្បងរបស់លោក Buffet បានសម្រាលរួច គាត់បានបំប្លែងទូដាក់ខោអាវ ទៅជាកន្លែងសម្រាប់ទារកគេង ជាជាងចំណាយប្រាក់បន្ថែមទៅទិញអង្រឹងសម្រាប់ទារក។ មួយវិញទៀត ពេលដែលលោកមានកូនទីពីរ គាត់បានខ្ចីគ្រែទារកគេមួយ ជាជាងទិញថ្មីមួយទៀត។ ការធ្វើដូច្នេះអាចជាទង្វើដែលជ្រុលពេក តែគំនិតរបស់លោក គឺចង់ប្រើប្រាស់ធនធានដែលមានស្រាប់ ហើយត្រូវបានគេលែងត្រូវការ យកប្រើប្រាស់ជាជាងការចំណាយមិនចាំបាច់ប៉ុណ្ណោះ។

ទី១០. ជាមនុស្សដែលមានដែលមានការរស់នៅបែបសាមញ្ញៗ មិនឡូយឆាយ។ នៅឆ្នាំ២០០៩ កាលនោះលោកធ្លាប់លើកឡើងថា អ្នកមិនអាចទិញសុខភាពបានទេ ហើយអ្នកក៏មិនអាចទិញក្តីស្រឡាញ់បានដែរ។ លោកពន្យល់ថា ខ្ញុំចង់ជាសមាជិកក្លឹបវាយកូនហ្គោលណាមួយក៏បានដែរ អោយតែខ្ញុំចង់ តែអីដែលសំខាន់នោះ គឺខ្ញុំចង់លេងកូនហ្គោលជាមួយមនុស្សដែលខ្ញុំចូលចិត្ត ជាជាងនៅលើទីលានដែលមានវាលស្មៅអស្ចារ្យបំផុត ហើយមួយវិញទៀតខ្ញុំមិនចាប់អារម្មណ៍រថយន្តទេ ហើយខ្ញុំគឺចូលចិត្តធ្វើអីក៏ដោយ កុំឲ្យមានគេច្រណែនទៅបានហើយ៕