មិនដែលឃើញឡូយឆាយទេ តែម្តងនេះមេធំក្រុមហ៊ុន Meta ទិញនាឡិកាដៃកម្រ ធ្វើចេញពីអាចម៍ផ្កាយ

អន្តរជាតិ

ពីមុនៗមកមិនដែលប្រទះឃើញពាក់គ្រឿងអលង្ការនោះទេ ក៏ប៉ុន្តែនៅក្នុងផតឃែស្ថផ្សាយបន្តផ្ទាល់មួយនៅ​ Chase Center ក្នុងទីក្រុង San Francisco មហាសេដ្ឋីប្រាក់ពាន់លានដុល្លារ និងក៏ជាមេធំក្រុមហ៊ុន Meta បែរជាឃើញរូបលោកងាកមកពាក់នូវនាឡិកាដៃប្រណិតថ្មីមួយគ្រឿងមានឈ្មោះថា De Bethune DB25 Starry Varius Aérolite ធ្វើចេញពីអាចម៍ផ្កាយ។ នេះបើតាមការចុះផ្សាយពី Business Insider ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឡិកាដៃមួយគ្រឿងនេះ ភាគច្រើនត្រូវបានគេប៉ាន់ប្រមាណតម្លៃលក់រាយថាខ្ទង់ ២៦ម៉ឺនដុល្លារ និងមានតែនាឡិកាប្រាំគ្រឿងប៉ុណ្ណោះ ដែលផលិតក្នុងមួយឆ្នាំ។ ជាចំណុចពិសេស នាឡិកាដៃរបស់លោកមហាសេដ្ឋី Mark Zuckerberg ផលិតចេញពីអាចម៍ផ្កាយ មានការរចនាលំនាំយកតាមរូបរាងកាឡាក់ស៊ី មីគីវ៉េ ស្រោបដោយសន្លឹកមាស ២៤ការ៉ាត់ រីឯខ្សែធ្វើឡើងចេញពីស្បែកក្រពើ។

គួរឲ្យដឹងដែរថា កាលពីអំឡុងចូលរួមកម្មវិធី Pre-Wedding របស់កូនប្រុសមានបំផុតនៅអាស៊ី គឺលោក Anant Ambani និងអ្នកនាង Radhika កាលពីដើមឆ្នាំ អាចថាជាកត្តាលីករនាំឲ្យលោកមានទំនោរដូច្នេះ ដ្បិតអីកាលនោះគ្រាន់តែឃើញនាឡិកា Richard Mille របស់លោក Anant តម្លៃប្រហែល ១លានដុល្លារភ្លាម ស្ថាបនិកក្រុមហ៊ុន Meta និងភរិយា Priscilla Chan បានលាន់មាត់ថា វាពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយនិយាយទៀតថា​ ខ្លួនជាមនុស្សមិនដែលចូលចិត្តនាឡិកាទេ តែក្រោយពីឃើញមួយគ្រឿងនេះហើយ ក៏ពិចារណាចង់បានមួយនឹងគេដែរ៕