លោកស្រី Zhong Yang ដែលជាមន្ត្រីដ៏ល្បីឈ្មោះម្នាក់នៅភាគនិរតីនៃប្រទេសចិន ត្រូវបានកាត់ទោសឲ្យជាប់គុករយ:ពេល ១៣ឆ្នាំ និងពិន័យជាប្រាក់ ១លានយ៉ន់ (១៤ម៉ឺនដុល្លារ) ពីបទប្រព្រឹត្តខុសមិនអាចលើកលែងបាន រួមទាំងមានទំនាក់ទំនងស្នេហាសំងាត់ជាមួយបុគ្គិលក្រោមឱវាទដល់ទៅ ៥៨ នាក់ និងទទួលសំណូកជិត ៦០លានយ៉ន់ (៨,៥លានដុល្លារ) ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។
លោកស្រី Yang វ័យ ៥២ឆ្នាំ ពីមុនធ្លាប់ធ្វើកាន់តំណែងជាអភិបាល និងជាអនុលេខាបក្សប្រចាំនៅក្នុងក្រុង Qiannan ខេត្ត Guizhou ខណ:លោកស្រីមិនធ្លាប់រៀបការ និងគ្មានកូននោះទេ។
ដោយសារតែជាមនុស្សដ៏មានឥទ្ធិពល យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា លោកស្រី Yang បានទទួលយកសំណូក និងប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បីចេញមុខធានាដល់ក្រុមហ៊ុនមួយចំនួន ដើម្បីទទួលបានកិច្ចសន្យាអភិវឌ្ឍផ្សេងៗ ក្រោមលេសនៃការវិនិយោគរបស់រដ្ឋាភិបាល។
ទន្ទឹមនឹងនេះ យោងតាមរបាយការណ៍ពី NetEase News ក៏បានបង្ហាញឲ្យដឹងទៀតថា ដោយសារអំណាច និងទ្រព្យសម្បត្តិដ៏ច្រើន លោកស្រី Yang បានប្រើលេសធ្វើការថែមម៉ោង និង ដំណើរអាជីវកម្ម ដើម្បីចំណាយពេលជាមួយគូស្នេហ៍ដែលជាបុគ្គលិកធ្វើការក្រោមឱវាទរបស់នាង។
ប្រភពដដែលនេះ បានបន្តទៀតថា បុរសមួយចំនួនបានបង្ខំចិត្តធ្វើជាគូស្នេហ៍របស់នាង ដោយសារតែផលប្រយោជន៍ដែលនាងផ្តល់ជូន ខណៈបុរសផ្សេងទៀតបានយល់ព្រមទាំងស្ទាក់ស្ទើរ ដោយសារតែខ្លាចអំណាចរបស់នាង។ លោកស្រី Yang ត្រូវបានគេនិយាយថាមានគូស្នេហ៍សរុបចំនួន ៥៨ នាក់ ហើយត្រូវបានគេប្រទះឃើញជាញឹកញាប់នៅក្នុងក្លិបរាត្រីឯកជន។
ជម្រាបជូនថា កាលពីខែមេសាឆ្នាំមុន រដ្ឋាភិបាលក្រុង Guizhou បានផ្តួចផ្តើមការស៊ើបអង្កេតលើសកម្មភាពរបស់លោកស្រី Yang រហូតឈានទៅដល់ការកាត់ទោសលោកស្រីពីបទពុករលួយ។ បន្ថែមពីលើការជាប់ពន្ធនាគាររយៈពេល ១៣ឆ្នាំ និងពិន័យជាទឹកប្រាក់មួយលានយ៉ន់ តំណែងរបស់នាងនៅក្នុង NPC ក៏ត្រូវបានដកហូតផងដែរ៕