ប្រទេសកូរ៉េខាងត្បូង បានក្លាយជាអ្នកវិនិយោគធំជាងគេបំផុត នៅក្នុងសហរដ្ឋអាមេរិក ដោយសារតែការវិនិយោគដ៏ច្រើនលើគម្រោងថាមពលស្អាតរបស់រដ្ឋបាលប្រធានាធិបតី លោក ចូ បៃដិន និងចំពេលកំពុងមានការថយចុះការវិនិយោគពីប្រទេសចិន ដោយសារតែជម្លោះពាណិជ្ជកម្មកាន់តែខ្លាំងឡើង។
បើតាមទិន្នន័យពីសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន Financial Times បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូងចំនួន ៩០ នៅសហរដ្ឋអាមេរិក បានបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់សរុប ២១,៥ពាន់លានដុល្លារ កាលពីឆ្នាំមុន ដែលជាចំនួនខ្ពស់ជាងគេបំផុតក្នុងចំណោមបណ្តាប្រទេសផ្សេងទៀតលើពិភពលោក។ ហើយបើតាមតួរលេខនេះ មានន័យថា កូរ៉េខាងត្បូងបានវ៉ាដាច់តៃវ៉ាន់ ដែលធ្លាប់ជាអ្នកវិនិយោគធំជាងគេបំមផុតរបស់អាមេរិក នៅក្នុងឆ្នាំ២០២២។
គួរឲ្យដឹងផងដែរថា នេះក៏ជាលើកទីមួយផងដែរ ដែលកូរ៉េខាងត្បូងទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងនាមជាអ្នកវិនិយោគធំជាងគេបំផុតរបស់អាមេរិក ខណ:ប្រទេសកាណាដា ជាប់លេខ២ អាល្លឺម៉ង់លេខ៣ និងតាមពីក្រោយដោយអង់គ្លេស និងជប៉ុន។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនតាមដានទីផ្សារ fDi Markets បានបង្ហាញឲ្យដឹងផងដែរថា ច្រើនជាងមួយភាគបីនៃការវិនិយោគសរុបរបស់កូរ៉េខាងត្បូង នៅក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំមុន គឺទាក់ទងទៅនឹងវិស័យរថយន្ត និងគ្រឿងបន្លាស់រថយន្ត។
ជម្រាបជូនថា ប្រទេសចិន ដែលធ្លាប់ជាអ្នកវិនិយោគកំពូលរបស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០១៤ បានធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ៨ កាលពីឆ្នាំមុន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង លើការនាំចេញទំនិញ៕