ម្ចាស់វេបសាយល្បីឈ្មោះ Wikipedia តាមពិតក៏ជាសេដ្ឋីមួយរូបផងដែរ

អន្តរជាតិ

ជាបុគ្គលដ៏មានកេរ្តិ៍ឈ្មោះនៅក្នុងបណ្តាញអ៊ិនធឺណេត លោក Jimmy Wales គឺជាសហស្ថាបនិកនៃវេបសាយល្បីឈ្មោះ Wikipedia ដែលជាគេហទំព័រអាចឲ្យសិស្សានុសិស្ស និងអ្នកសិក្សាស្រាវជ្រាវ អាចស្វែងរកមេរៀន ឬព័ត៌មានដ៏ច្រើនសន្ធឹកសន្ធាប់ ដោយឥតគិតថ្លៃ។ ទន្ទឹមនឹងភាពជោគជ័យរបស់ Wikipedia ទ្រព្យសម្បត្តិរបស់លោកក៏ត្រូវបានបណ្តាញសារព័ត៌មានជាច្រើនស្ទាបស្ទង់ថាមានចំនួន ១លានដុល្លារផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុរសវ័យ ៥៨ឆ្នាំរូបនេះ កើតនៅថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៦៦ ក្នុងទីក្រុង Huntsville រដ្ឋ Alabama ដោយធំធាត់ក្នុងគ្រួសារដែលសង្វាតលើការសិក្សារៀនសូត្រ និងការអប់រំ ព្រោះមានឳពុកជាអ្នកគ្រប់គ្រងហាងលក់គ្រឿងទេស ខណៈម្តាយវិញបើកសាលារៀនគួរនៅផ្ទះ ខណៈសវតាទាំងនេះហើយ ទើបធ្វើឲ្យលោកមានមូលដ្ឋានគ្រឹះក្នុងការសិក្សាយ៉ាងរឹងមាំ ព្រមទាំងបណ្តុះគំនិតឲ្យលោកស្រឡាញ់ការរៀនសូត្រ។

តាមរយៈខ្សែវីដេអូខ្លីមួយរបស់ Nas Daily បានឲ្យដឹងថា មូលហេតុចម្បងដែលនាំឲ្យលោកមានគោលគំនិតបង្កើតនូវវេបសាយ Wikipedia មិនរកប្រាក់ចំណេញនេះឡើងមក ក៏ដោយសារតែពេលនៅកុមារភាព ខ្លួនចូលចិត្តរៀនសូត្រខ្លាំងណាស់ ហើយពេលអានសៀវភៅម្តងៗ សៀវភៅទាំងនោះពុំបានផ្តល់នូវព័ត៌មានឲ្យបានគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយ និងទាន់តាមការអាប់ឌែតឡើយ។ ២០ឆ្នាំក្រោយមក ពេលដែលវត្តមានអ៊ិនធឺណេតចូលមកដល់ លោកក៏មានគំនិតមួយចង់ឲ្យចំណេះដឹងទាំងអស់នៅលើពិភពលោក ស្ថិតនៅលើអ៊ិនធឺណេត ហើយនោះក៏កើតឡើងបានជា Wikipedia ។

សូមជម្រាបជូនថា Wikipedia ជាគេហទំព័រដែលមានអ្នកចូលតាមដាន ឆែកព័ត៌មានច្រើនជាងគេលំដាប់ទី៦ បន្ទាប់ពី Google, YouTube, Facebook, X, និង Instagram ក៏ប៉ុន្តែផ្ទុស្រឡះនឹងគេហទំព័រ ឬបណ្តាញសង្គមដ៏ទៃទាំងនោះ Wikipedia មិនមែនជាស្ថាប័នរកប្រាក់ចំណេញនោះទេ ហើយពឹងផ្អែកតែលើអ្នកប្រើប្រាស់ជុំវិញពិភពលោកចូលកែព័ត៌មាន និងបន្ថែមព័ត៌មានដោយខ្លួនឯង៕