យោងតាមសេតវិមាន បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញាកន្លងទៅថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងជួបប្រធានបក្សកុម្មុយនិស្តវៀតណាម លោក To Lam នាថ្ងៃពុធ ទី២៥ ខែកញ្ញាខាងមុខនេះ។
បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ឲ្យដឹងទៀតថា កិច្ចប្រជុំដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តធ្វើឡើនៅឯខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងញូវយ៉ក។
គួរឲ្យដឹងថា លោក បៃដិន កន្លងមកបានខ្នះខ្នែងយ៉ាងខ្លាំងក្នុងការពង្រឹងទំនាក់ទំនងជាមួយវៀតណាម ដែលត្រូវបានចាត់ទុកថាជាប្រទេសយុទ្ធសាស្ត្រនៅអាស៊ីអាគ្នេយ៍ និងជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំបំផុតមួយក្នុងតំបន់។
កាលពីខែកញ្ញាឆ្នាំមុន លោក Biden បានទៅបំពេញទស្សនកិច្ចនៅវៀតណាម និងធានាបាននូវកិច្ចព្រមព្រៀងស្តីពីបន្ទះឈីប Semiconductors និងរ៉ែ និងការធ្វើប្រសើរឡើងនូវឋានៈការទូតរដ្ឋាភិបាលទីក្រុងហាណូយ ឲ្យឡើងដល់កម្រិតខ្ពស់បំផុតជាមួយប្រទេសចិន និងរុស្ស៊ី ផងដែរ។
យ៉ាងណាមិញ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងបំផុត ក្នុងនាមជាថ្នាក់ដឹកនាំកំពូលរបស់ប្រទេសវៀតណាម លោក To Lam នឹងឡើងនិយាយនៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ក៏ដូចជាបន្តជួបជាមួយអ្នកតំណាងមកពីក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិក ដូចជា Alphabet និង Meta ផងដែរ៕