មេធំ Facebook ទំនងឡើងតំណែងអ្នកមានបំផុតជាលើកដំបូង ក្រោយចំណូលកើនជាង ៧០ពាន់លានដុល្លារ នៅឆ្នាំនេះ

អន្តរជាតិ

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta Platforms លោក ​Mark Zuckerberg ត្រូវបានគេរាយការណ៍មកថា អាចនឹងឡើងកាន់តំណែងជាអ្នកបំផុតរបស់ពិភពលោកជាលើកដំបូង​ បន្ទាប់ពីលោកបានបង្កើនប្រាក់ចំណូលរហូតដល់ ៧២,២ពាន់លានដុល្លារ នៅឆ្នាំនេះ ដើម្បីឈានដល់ចំនួនសរុប ២០០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Insider។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ បើយោងទៅតាមរបាយការណ៍ពី Bloomberg Billionaires Index បានបង្ហាញឲ្យដឹងទៀតថា ឥឡូវនេះ លោក Mark កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៣ ក្នុងនាមជាអ្នកមានដាច់គេ តាមពីក្រោយតែលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos ប៉ុណ្ណោះ។

រំលឹកផងដែរថា មហាសេដ្ឋីបណ្តាញសង្គមរូបនេះ កាលពីដើមឆ្នាំ២០២៤ ធ្លាប់ឈរនៅត្រឹមចំណាត់ថ្នាក់លេខ៥ ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះលោកបានវ៉ាដាច់ស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison និងលោក Bernard Arnault ស្ថាបនិកក្រុមហ៊ុន LVMH បានយ៉ាងឆាប់រហ័សបំផុត។

មិនតែប៉ុណ្ណោះ ប្រភពខាងលើបានរាយការណ៍ទៀតថា លោក Mark អាចនឹងបន្តឡើងទៅឈរនៅចំណាត់ថ្នាក់លេខ១ ប្រសិនបើលោក Musk និងលោក Bezos បន្តធ្វើការបរិច្ចាគលុយកាន់ច្រើនបន្ថែមទៀតទៅកាន់សប្បុរសធម៌នោះ៕