ការលក់ទូរស័ព្ទiPhone របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Apple និងទូរស័ព្ទម៉ាកយីហោបរទេសផ្សេងទៀត នៅក្នុងប្រទេសចិន បានធ្លាក់ចុះ ១២,៧% ក្នុងខែសីហា បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ខណៈពេលដែលអ្នកប្រើប្រាស់ បានងាកមកគាំទ្រប្រេនក្នុងស្រុកកាន់តែខ្លាំងឡើង ចំពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Asia Financial ។
បើតាមការគណនាដោយផ្អែកលើទិន្នន័យពីបណ្ឌិត្យសភាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងរបស់ប្រទេសចិន (CAICT) បានបង្ហាញថា ក្នុងអំឡុងខែសីហា ការលក់ទូរស័ព្ទរបស់ម៉ាកយីហោបរទេស នៅក្នុងប្រទេសចិន បានធ្លាក់ចុះមកនៅត្រឹម ១,៨៧ លានគ្រឿងប៉ុណ្ណោះ ពោលគឺធ្លាក់ចុះពីចំនួន ២,១៤ លានគ្រឿង កាលពីឆ្នាំមុន។
មិនតែប៉ុណ្ណោះ ទិន្នន័យរបស់ CAICT ក៏បានបង្ហាញឲ្យដឹងទៀតផងដែរថា ការលក់ទូរស័ព្ទសរុបនៅក្នុងប្រទេសចិន បានកើនឡើង ២៦,៧% បើធៀបនឹងឆ្នាំមុន ដល់ចំនួនជាង ២៤ លានគ្រឿង នៅក្នុងខែសីហា។
ជម្រាបជូនផងដែរថា ការធ្លាក់ចុះនៃការលក់ទូរស័ព្ទប្រេនបរទេសនេះបានកើតឡើង ចំពេលសន្ទុះនៃការគាំទ្រប្រេនក្នុងស្រុកមានការកើនឡើងខ្លាំង ដោយកាលពីសប្តាហ៍មុន ការបញ្ជាទិញសម្រាប់ទូរស័ព្ទបត់អេក្រង់ ៣តង់ Mate XT របស់ក្រុមហ៊ុន Huawei បានឡើងលើសពី ៦,៥ លានគ្រឿង ដែលស្ទើរតែកើនឡើងទ្វេដងនៃស្មាតហ្វូនដែលអាចបត់បាន ដែលមានចំនួនប្រហែល ៣,៩ លានគ្រឿង នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សា IDC៕