រដ្ឋាភិបាលប្រទេសវៀតណាម បាននិយាយថា ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk កំពុងស្នើសុំវិនិយោគក្នុងចំនួនទឹកប្រាក់ប្រមាណ ១៥ពាន់លានដុល្លារ នៅក្នុងប្រទេសវៀតណាម សម្រាប់ផ្តល់សេវាកម្មអ៊ីនធឺណិតតាមរយ:ផ្កាយរណប Starlink របស់ខ្លួននាពេលខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញការប្រកាសនេះ ត្រូវបានកើតឡើង អំឡុងពេលអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក To Lam កំពុងបំពេញដំណើរទស្សនកិច្ចរបស់ខ្លួននៅទឹកដីសហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ស្របពេលថ្នាក់ដឹកនាំកំពូលរូបនេះ ក៏បាននិយាយផងដែរថា រដ្ឋាភិបាលវៀតណាមកំពុងពិនិត្យមើលទៅលើសំណើនេះ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទាំងខាងក្រុមហ៊ុន SpaceX និងមន្ត្រីរដ្ឋាភិបាលក្នុងប្រទេសវៀតណាម នៅមិនបានឆ្លើយតបភ្លាមៗជុំវិញផែនការលម្អិតអំពីគម្រោងវិនិយោគដ៏ធំនេះ នៅឡើយនោះទេ។
រំលឹកផងដែរថា កាលពីឆ្នាំមុន រដ្ឋាភិបាលវៀតណាម ធ្លាប់បាននិយាយថាក្រុមហ៊ុន SpaceX បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការផ្តល់សេវាកម្មអ៊ីនធឺនិតតាមរយ:ផ្កាយរណបគន្លងផែនដីកម្រិតទាបរបស់ខ្លួន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាលពីដើមឆ្នាំនេះ សារព័ត៌មាន Reuters បានរាយការណ៍ថា ផែនការទាំងនោះត្រូវបានផ្អាកវិញ៕