ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗនៅលើពិភពលោក កំពុងចំណាយលុយដល់ខ្ទង់រាប់លានដុល្លារ ជារៀងរាល់ឆ្នាំដើម្បីការពារ CEO របស់ពួកគេ ខណ:ការចំណាយទាំងនេះ ភាគច្រើនផ្តោតលើសុវត្ថិភាពរាប់ចាប់តាំងពីការត្រួតពិនិត្យតាមផ្ទះ រហូតដល់មានអង្គរក្សផ្ទាល់ខ្លួន។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fortune។
បើតាមលោក Bill Herzog នាយកប្រតិបត្តិនៃក្រុមហ៊ុនសេវាកម្មសន្តិសុខ LionHeart ដែលមានមូលដ្ឋាននៅរដ្ឋ Arizona បានប្រាប់សារព័ត៌មាន Fortune ថាវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រុមហ៊ុនក្នុងការវិនិយោគដើម្បីការពារ CEO របស់ពួកគេ ជាពិសេសប្រសិនបើពួកគេស្ថិតក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក ដូចជាស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg និងស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk នោះ។
ដោយឡែកខាងក្រោមនេះគឺជាក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗមួយចំនួនដែលហ៊ានចំណាយលុយដ៏ច្រើនបំផុតទៅលើកងការពារ CEO របស់ខ្លួន៖
ក្រុមហ៊ុន Meta
Meta ត្រូវបានគេរាយការណ៍ថាបានចំណាយលុយច្រើនជាង ៣ដង បើធៀបទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតដើម្បីការពារនាយកប្រតិបត្តិ និងស្ថាបនិករបស់ពួកគេ គឺលោក Mark Zuckerberg។ នៅឆ្នាំ២០២៣ ក្រុមហ៊ុននេះបានចំណាយសរុបចំនួន ២៣,៤លានដុល្លារ សម្រាប់ធានាសន្តិសុខផ្ទាល់ខ្លួនដល់លោក Mark ។
ក្រុមហ៊ុន Alphabet
នាយកប្រតិបត្តិក្រុមហ៊ុន Alphabet លោក Sundar Pichai តែងតែបាននិយាយច្រើនអំពីសុវត្ថិភាពតាមអ៊ីនធឺណិត ខណ:សុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកវិញ ក៏ជាគំនិតដ៏សំខាន់សម្រាប់ក្រុមហ៊ុនដែលត្រូវគិតគូផងដែរ។ នៅឆ្នាំ២០២៣ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះ បានចំណាយដល់ជាង ៦,៨លានដុល្លារ ដើម្បីការពារលោក Pichai ។ នេះបើយោងតាមឯកសារពី SEC ។
ក្រុមហ៊ុន Telsa
វាមិនជារឿងគួរភ្ញាក់ផ្អើលនោះឡើយ ដែលក្រុមហ៊ុន Tesla ហ៊ានចំណាយយ៉ាងច្រើន ដើម្បីធានាសុខសុវត្ថិភាពដល់នាយកប្រតិបត្តិលោក Elon Musk ដែលជាមហាសេដ្ឋីមានដាច់គេលើលោកនោះ។ Tesla បានបង់ប្រាក់ចំនួន ២,៤លានដុល្លារ ក្នុងឆ្នាំ២០២៣ ដល់ក្រុមហ៊ុនសន្តិសុខមួយដែលគ្រប់គ្រងដោយលោក Musk ផ្ទាល់ សម្រាប់សេវាកម្មសន្តិសុខ។
ក្រុមហ៊ុន Nvidia
Nvidia ហាក់មានការចំណាយតិចជាង បើធៀបទៅនឹងក្រុមហ៊ុនដៃគូបច្ចេកវិទ្យាផ្សេងទៀត ដើម្បីធានាលើសុវត្ថិភាពនាយកប្រតិបត្តិលោក Jensen Huang ។ នៅក្នុងឆ្នាំសារពើពន្ធ ២០២៤ កន្លងទៅ ក្រុមហ៊ុនបានចំណាយប្រហែល ២,២លានដុល្លារលើថ្លៃសន្តិសុខលំនៅដ្ឋាន និងបង់ថ្លៃប្រឹក្សាសម្រាប់លោក Huang បូករួមទាំងលុយរាប់សែនដុល្លារផ្សេងទៀត សម្រាប់សេវាត្រួតពិនិត្យសន្តិសុខផ្សេងៗ សេវាកម្មរថយន្ត និងអ្នកបើកបរផងដែរ។
ក្រុមហ៊ុន Apple
ទោះបីជា Tim Cook មិនមានភាពល្បីល្បាញដូចអ្នកកាន់តំណែងមុន Steve Jobs ក៏ដោយ ប៉ុន្តែលោកនៅតែត្រូវបានចាត់ទុកថាជា CEO ដ៏ជោគជ័យបំផុតរបស់ Apple ហើយក្រុមហ៊ុនតែងតែផ្តល់ការធានាផ្នែកសុវត្ថិភាពដល់រូបលោកជានិច្ច។ ទន្ទឹមនឹងនេះ Apple បានបង់លុយជាង ៨សែនដុល្លារ សម្រាប់ការចំណាយទាក់ទងនឹងសន្តិសុខរបស់ Tim Cook ក្នុងឆ្នាំ២០២៣៕