មហាសេដ្ឋីហុងកុងម្នាក់ លាលែងពីតំណែង CEO ក្រោយដឹកនាំក្រុមហ៊ុនខាតលុយជាង ២ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ហុងកុង New World Development បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញាកន្លងទៅថា នាយកប្រតិបត្តិរបស់ខ្លួនគឺលោក Adrian Cheng បានលាលែងចេញពីតំណែងហើយ បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីការខាតបង់ប្រចាំឆ្នាំជាង ២,៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឯកសារមួយដែលបាន​ផ្ញើ​​ទៅកាន់ទីផ្សារហ៊ុនហុងកុង ក្រុមហ៊ុន New World Development បាននិយាយថា៖ “Adrian បានសម្រេចចិត្តលាលែងចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនហើយ ដើម្បីផ្តោតបន្ថែមលើផ្នែកសេវាកម្មសាធារណៈ និងការប្តេជ្ញាចិត្តផ្ទាល់ខ្លួនផ្សេងទៀត” ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបន្ថែមថា លោក Ma Siu-cheung ដែលពីមុនធ្លាប់ជាអតីតរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍហុងកុង នឹងត្រូវចូលមកជំនួសតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនជំនួសវិញ។

ក្រុមហ៊ុន New World Development បានប្រកាសពីការខាតបង់សរុបចំនួន ២,៥ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធដែលបានបញ្ចប់ទៅ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលនេះគឺជាការខាតបង់ប្រចាំឆ្នាំដ៏ធំបំផុតជាលើកដំបូង ក្នុងរយៈពេលពីរទសវត្សចុងក្រោយ៕

ជម្រាបជូនផងដែរថា Adrian Cheng ជាចៅប្រុសរបស់មហាសេដ្ឋីហុងកុង Cheng Yu-tung ដែលត្រូវបានចាត់ទុកថាជាអ្នកស្នងមរតក នៅក្នុងអាណាចក្រជំនួញដ៏ធំបំផុតមួយដែលគ្របដណ្តប់លើអចលនទ្រព្យ គ្រឿងអលង្ការ ហាងលក់ទំនិញ និងភស្តុភារ ខណ:ត្រកូល Cheng មានទ្រព្យសម្បត្តិសរុបប្រមាណ ២២,១ពាន់លានដុល្លារ។ នេះបើតាមទស្សនាវដ្ដី Forbes ៕