ចិន គ្រោងចាក់លុយជាង ១៤០ពាន់លានដុល្លារ ចូលទៅក្នុងធនាគាររដ្ឋធំៗ ដើម្បីជួយសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ

អន្តរជាតិ

រដ្ឋាភិបាលប្រទេសចិន កាលពីពេលថ្មីៗនេះ កំពុងពិចារណាចាក់បញ្ចូលដើមទុនរហូតដល់ ១ទ្រីលានយ៉ន់ (១៤២ពាន់លានដុល្លារ) ទៅក្នុងធនាគាររដ្ឋដ៏ធំៗរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចដែលកំពុងជួបការលំបាកខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបានរាយការណ៍ទៀតថា ការផ្តល់មូលនិធិនេះ នឹងត្រូវយកចេញមូលបត្របំណុលអធិបតេយ្យភាពពិសេសថ្មី ហើយវាក៏ជាជាលើកដំបូងផងដែរ ដែលរដ្ឋាភិបាលទីក្រុងប៉េកាំង សម្រេចបញ្ចូលដើមទុនដ៏ច្រើនទៅក្នុងធនាគារធំៗរបស់ខ្លួនបែបនេះ ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុពិភពលោក ក្នុងឆ្នាំ២០០៨ មក។

គួរឲ្យដឹងផងដែរថា រដ្ឋាភិបាលចិន បានដាក់ចេញនូវផែនការជាច្រើនរួចមកហើយ ដូចជាការកាត់បន្ថយយ៉ាងច្រើនចំពោះអត្រាប្រាក់កម្ចីទិញផ្ទះ និងកាត់បន្ថយអត្រាប្រាក់គោលនយោបាយសំខាន់ៗផ្សេងទៀត ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។

ទន្ទឹមនឹងនេះ និយតករធនាគារកំពូលរបស់ប្រទេសចិន លោក Li Yunze បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង កាលពីដើមសប្តាហ៍នេះថា អាជ្ញាធរនឹងចាប់ផ្តើមធ្វើសកម្មភាព ដើម្បីបង្កើនដើមទុនស្នូលលំដាប់ទី១ ចូលទៅក្នុងធនាគារពាណិជ្ជធំៗចំនួនប្រាំមួយរបស់ខ្លួន ខណ:លោកនៅមិនទាន់បញ្ជាក់លម្អិតពីចំនួនទឹកប្រាក់ដែលនឹងត្រូវបែងចែកទៅកាន់ធនាគារនីមួយៗនៅឡើយទេ៕