ជប៉ុន ជ្រើសរើសអតីតរដ្ឋមន្ត្រីការពារជាតិម្នាក់ ឲ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី

អន្តរជាតិ

គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញានេះ បានសម្រេចជ្រើសរើសអតីតរដ្ឋមន្ត្រីការពារជាតិ លោក Shigeru Ishiba ឲ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោក Fumio Kishida។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការបោះឆ្នោតទល់មុខគ្នា ក្នុងចំណោមបេក្ខភាពចំនួន ៨រូបផ្សេងទៀត អ្នកនយោបាយជើងចាស់រូបនេះ បានយកឈ្នះលើសំឡេងគាំទ្រភាគច្រើន ជាពិសេសលើលោកស្រី Sanae Takaichi ដែលត្រូវបានចាត់ទុកថាជាបេក្ខភាពស្ត្រីដ៏លេចធ្លោ និងដ៏កម្រនៅក្នុងនយោបាយប្រទេសជប៉ុន។

គួរឲ្យដឹងថាការ​បោះឆ្នោតជ្រើសតាំងថ្មី​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុង​ខែ​សីហា​ថា​លោក​នឹង​មិន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ឡើង​វិញ​ទេ បន្ទាប់ពីមានរឿងអាស្រូវបែកធ្លាយជាច្រើនពាក់ព័ន្ធទៅនឹងអំពើពុករលួយ នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP)។

ជម្រាបជូនថា LDP ជាបក្សកាន់អំណាចស្ទើតែគ្រប់អាណត្តិនៅក្នុងប្រទេសជប៉ុន និងមានសំឡេងភាគច្រើននៅក្នុងសភា ដូច្នេះហើយទើបមេដឹកនាំគណបក្ស LDP ដែលជាប់ឆ្នោត នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីថ្មីដោយស្វ័យប្រវត្តិ៕