យោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយថា ក្រុមហ៊ុន General Motors (GM) និង Ford អាចនឹងត្រូវបញ្ឈប់ពីការនាំចូលរថយន្តរបស់ខ្លួនដែលផលិតនៅក្នុងប្រទេសចិន មកទៅកាន់សហរដ្ឋអាមេរិក ក្រោមច្បាប់ថ្មីមួយដែលបានស្នើឡើង ដើម្បីបង្ក្រាបលើផ្នែក Software និង Hardware របស់ចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ប្រភពដដែលបាននិយាយទៀតថា ចំពោះច្បាប់ថ្មីនេះ ក៏នឹងប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតដែលលក់ ឬផលិតរថយន្តនៅអាមេរិកដូចជា Volvo និងក្រុមហ៊ុនរថយន្តអគ្គិសនី BYD របស់ចិនផងដែរ។
គួរឲ្យដឹងថាក្រុមហ៊ុន GM កំពុងលក់រថយន្តម៉ូដែល Buick Envision ខណ:ក្រុមហ៊ុន Ford លក់រថយន្តម៉ូដែល Lincoln Nautilus ដែលដំឡើងក្នុងប្រទេសចិន នៅទីផ្សារសហរដ្ឋអាមេរិក។
ជុំវិញបញ្ហានេះ ខាងក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលទាំងពីរមិនទាន់មានការឆ្លើយតបអ្វីនៅឡើយទេ ខណ:រយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៤ នេះ ក្រុមហ៊ុន GM បានលក់រថយន្តម៉ូដែល Envisions ប្រហែល ២ ២០០០ គ្រឿង ស្របពេល Ford បានលក់រថយន្ត Nautilus SUV របស់ខ្លួន ចំនួន ១ ៧៥០០ គ្រឿង នៅទឹកដីសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ លោកស្រី Liz Cannon ដែលជាប្រធានការិយាល័យបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងនៃក្រសួងពាណិជ្ជកម្ម បាននិយាយថា ក្រោមច្បាប់ថ្មីនេះ រថយន្តណាដែលផលិតនៅក្នុងប្រទេសចិន ហើយយកមកលក់នៅសហរដ្ឋអាមេរិក អាចប្រឈមមុខនឹងការហាមឃាត់។ លោកស្រីបន្ថែមទៀតថាទាំង GM និង Ford ត្រូវត្រៀមខ្លួនទុកមុន ព្រោះថាការផលិតរថយន្តនៅក្នុងប្រទេសចិន សម្រាប់ទីផ្សារសហរដ្ឋអាមេរិក គួរតែត្រូវបិទ ហើយផ្លាស់ប្តូរទៅផលិតនៅកន្លែងផ្សេងទៀត៕