ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ជាមហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោក និងត្រូវបានគេដឹងថាជាម្ចាស់កម្មសិទ្ធនាវាទំនើបមួយគ្រឿងមានឈ្មោះថា Koru ដែលមានតម្លៃដល់ទៅ ៥០០លានដុល្លារ។ នាវាមួយគ្រឿងនេះមានភាពអស្ចារ្យ និងប្រណីតខ្លាំងណាស់ ដោយទាមទារត្រូវមើលការថែទាំយកចិត្តទុកដាក់ឲ្យខ្ពស់ ជាមួយនឹងការថែទាំក្នុងមួយឆ្នាំៗអស់ទឹកប្រាក់រហូតដល់ទៅ ២៥លានដុល្លារឯណោះ។
ទំហំ និងភាពប្រណីត ពិតណាស់នឹងធ្វើឲ្យម្ចាស់នាវាទំនើបដូចជា Koru ត្រូវចំណាយលុយទាំងដុំៗជាប្រចាំឆ្នាំ តួយ៉ាងសេវាកម្មលើការថែទាំទូទៅ បូករួមទាំងការជួសជុល អាចឈានដល់ការចាយប្រាក់រាប់សិបលានដុល្លារ ហើយបើយោងតាម Luxury Launches បានឲ្យដឹងថា ត្រឹមតែការជួសជុលក៏ចំណាយអស់រហូតដល់ ២០លានដុល្លារទៅហើយ។ រឿងសំខាន់មួយទៀតនោះ គឺប្រេងឥន្ធនៈដែលគ្រាន់តែចាក់បំពេញប្រេងលើទូកក៏អាចចំណាយរហូតដល់ ៥០ម៉ឺនដុល្លារ ដ្បិតទំហំផ្ទុកមានចំនួនធំ។
មួយវិញទៀត សម្រាប់ប្រភេទនាវាដូចជា Koru គឺត្រូវបង់ប្រាក់ឲ្យក្រុមហ៊ុនធានារ៉ាប់រងប្រហែល ៥លានដុល្លារជាប្រចាំឆ្នាំ ស្របពេលតម្លៃជួលចំណតនៅផែវិញ ក៏ត្រូវបង់មួយយប់ប្រហែល ៥ ០០០ដុល្លារ សរុបទៅរាប់រយរាប់ពាន់ដុល្លារក្នុងមួយឆ្នាំៗឯណោះ។ លើសពីនោះ ថ្លៃប្រតិបត្តិការនៃការចំណាយលើគ្រឿងបរិក្ខារ និងឧបករណ៍ប្រើប្រាស់ រាប់ចាប់ពីគ្រឿងអគ្គិសនី និងប្រព័ន្ធកម្សាន្ត អាចមានតម្លៃចន្លោះពី ១លានដុល្លារឡើងដល់ ៣លានដុល្លារទៅហើយក្នុងមួយឆ្នាំៗ។ បន្ថែមពីនោះ កត្តាសុវត្ថិភាពជារឿងចម្បង ដោយត្រូវចំណាយសេវាកម្មសន្តិសុខ ក្នុងមួយឆ្នាំៗក៏ត្រូវអស់ប្រាក់ជាច្រើនលានដុល្លារ រីឯការថែទាំផ្នៃកខាងក្នុងនៃនាវា ដូចជាគ្រឿងសង្ហារឹមប្រណីតៗទាំងអស់នោះ ក៏ត្រូវចំណាយចាប់ពី ២លានដុល្លារដល់ ៥លានដុល្លារក្នុងមួយឆ្នាំៗផងដែរ។
សូមជម្រាបជូនផងដែរថា បើផ្អែកតាមទស្សនាវដ្តីនិយាយពីអ្នកមាន Forbes បានចុះផ្សាយត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ថាលោក Jeff Bezos គឺជាមហាសេដ្ឋីមានសញ្ជាតិអាមេរិក និងមានជាងគេបំផុតលំដាប់ទីបីនៅលើពិភពលោក ពោលបុរសវ័យ ៦០ឆ្នាំរូបនេះមានទ្រព្យសម្បត្តិរហូតដល់ទៅ ២០៥,៨ពាន់លានដុល្លារ៕