មកដឹងពីធនាគារកណ្តាលកំពូលៗលើពិភពលោក មានទុនបម្រុងមាសច្រើនជាងគេ

អន្តរជាតិ

ធនាគារកណ្តាលពិភពលោក កាន់កាប់ប្រហែល ១៧% នៃមាសទាំងអស់ដែលជីកយកបាន ដោយក្នុងនោះមានទុនបម្រុងកើនឡើងដល់ទៅចំនួនជាង ៣ ៦០០០ តោន (MT) គិតត្រឹមចុងឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហេតុផលចម្បងដែលបណ្តាធនាគារកណ្តាលនៃប្រទេសនីមួយៗទិញមាសយកមកបម្រុងទុក គឺដើម្បីកាត់បន្ថយហានិភ័យ ការពារអតិផរណា និងលើកកម្ពស់ដល់ស្ថិរភាពសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះការកើនឡើងនៃក្តីបារម្ភជុំវិញវិបត្តិហិរញ្ញវត្ថុពិភពលោក ក៏ជាមូលហេតុមួយផ្សេងទៀត ដែលធនាគារកណ្តាលព្យាយាមបង្កើនទុនបម្រុងមាសរបស់ពួកគេទុកផងដែរ។

ជាក់ស្តែងខាងក្រោមនេះជាធនាគារកណ្តាលកំពូលៗ ដែលមានទុនបម្រុងមាសច្រើនជាងគេបំផុត លើពិភពលោក នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Nasdaq៖

១. ធនាគារកណ្តាលសហរដ្ឋអាមេរិក

នៅពេលនិយាយពីកន្លែងទុកមាសដ៏ធំបំផុត នៅក្នុងពិភពលោក ធនាគារកណ្តាលអាមេរិក គឺជាប់ចំណាត់ថ្នាក់លេខមួយ ជាមួយនឹងមាសសរុប ៨ ១៣៣ តោន។ តម្លៃសរុបនៃទុនបម្រុងមាសរបស់ធនាគារកណ្តាលអាមេរិកគឺច្រើនជាង ៦៣០ពាន់លានដុល្លារ។

២. ធនាគារកណ្តាលអាល្លឺម៉ង់

ធនាគារ Bundesbank ដែលជាធនាគារកណ្តាលរបស់ប្រទេសអាឡឺម៉ង់ បច្ចុប្បន្នកាន់កាប់មាសសរុបចំនួន ៣ ៣៥២ តោន។ ធនាគារជាតិអាល្លឺម៉ង់ រក្សាទុកជាងពាក់កណ្តាលនៃទុនបម្រុងមាសរបស់ខ្លួន នៅបរទេស ដូចជាក្នុងនៅទីក្រុងញូវយ៉ក ទីក្រុងឡុងដ៍ និងប្រទេសបារាំង។

៣. ធនាគារកណ្តាលអ៊ីតាលី

Banca d’Italia ដែលជាធនាគារជាតិនៃប្រទេសអ៊ីតាលី បានចាប់ផ្តើមប្រមូលមាសមកបម្រុងទុក នៅឆ្នាំ១៨៩៣ នៅពេលដែលស្ថាប័នហិរញ្ញវត្ថុចំនួនបីដាច់ដោយឡែកពីគ្នាបានរួមបញ្ចូលគ្នាតែមួយ។ បច្ចុប្បន្នធណាគារកណ្តាលអ៊ីតាលី មានទុនបម្រុងមាសសរុបចំនួន ២ ៤៥១ តោន។

៤. ធនាគារកណ្តាលបារាំង
ធនាគារកណ្តាលបារាំង Banque de France រក្សាទុក ២ ៤៣៦ តោន នៃទុនបម្រុងមាសរបស់ខ្លួន។ លោហៈដ៏មានតម្លៃនេះ ត្រូវបានរក្សាទុកនៅឃ្លាំងក្រោមដីដ៏មានសុវត្ថិភាពបំផុតរបស់ធនាគារដែលមានឈ្មោះថា La Souterraine ។

៥. ធនាគារកណ្តាលរុស្ស៊ី

Bank of Russia គឺជាធនាគារកណ្តាលផ្លូវការរបស់សហព័ន្ធរុស្ស៊ី និងជាកន្លែងផ្ទុកទុនបម្រុងមានសរុបចំណួន ២ ៣៣២ តោន។ ដូច​ប្រទេស​បារាំង​ដែរ ធនាគារ​កណ្តាល​រុស្ស៊ី​បាន​ជ្រើសរើស​រក្សា​ទុក​មាស​ទាំងអស់របស់ខ្លួន នៅ​ក្នុង​ស្រុក។

៦. ធនាគារកណ្តាលចិន

ធនាគារប្រជាជនចិន (PBoC) ដែលជាធនាគារកណ្តាលរបស់ប្រទេសចិន មានទីតាំងនៅទីក្រុងប៉េកាំង រក្សាទុកមាសសរុបចំនួន ២ ២៦២ តោន ដែលភាគច្រើនត្រូវបានទិញតាំងពីឆ្នាំ២០០០ មក។ ក្នុងឆ្នាំ២០០១ PBoC មានមាសសរុបចំនួនត្រឹមតែ ៤០០ តោនប៉ុណ្ណោះនៅក្នុងទុនបម្រុង ប៉ុន្តែក្នុងរយៈពេលត្រឹមតែជាង ២ទសវត្ស ទុនបម្រុងមាសសរុបបានកើនឡើងដល់ ៤៥៩%៕