យោងតាមកាសែត Wall Street Journal បានរាយការណ៍មកថាក្រុមហ៊ុន Apple បានសម្រេចដកខ្លួនចេញវិញហើយ ពីកិច្ចពិភាក្សាដើម្បីចូលរួមផ្តល់មូលនិធិ សម្រាប់ការវិនិយោគជាមួយក្រុមហ៊ុន OpenAI ដែលរំពឹងថានឹងអាចរៃអង្គាសប្រាក់បានប្រហែល ៦,៥ពាន់លានដុល្លារ។
យ៉ាងណាមិញ បើតាមប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ការសម្រេចដកខ្លួនរបស់ក្រុមហ៊ុន Apple នេះ ហាក់នៅមិនទាន់ត្រូវបានគេដឹងពីមូលហេតុច្បាស់លាស់នៅឡើយនោះទេ ស្របពេលមានការលើកឡើងថា ក្រុមហ៊ុនយក្សអាមេរិកនេះ ទំនងចង់ផ្តោតទៅលើបច្ចេកវិទ្យា AI ផ្ទាល់ខ្លួនជាង។
ការដកខ្លួននេះ ក៏អាចពាក់ព័ន្ធទៅនឹងការប្រកួតប្រជែងផងដែរ ដោយសារក្រុមហ៊ុនបច្ចេកវិទ្យផ្សេងទៀតដូចជា Microsoft និង Nvidia ក៏កំពុងពិភាក្សាដើម្បីចូលរួមផងដែរ ដោយក្នុងនោះ Microsoft ត្រូវបានគេរំពឹងថានឹងផ្តល់ទុនវិនិយោគប្រហែល ១ពាន់លានដុល្លារ បន្ថែមទៅក្នុងមូលនិធិរបស់ OpenAI បន្ទាប់ពីបានចាក់លុយ ១៣ពាន់លានដុល្លារចូលទៅក្នុងក្រុមហ៊ុននេះរួចទៅហើយ។
រំលឹកផងដែរថា កាលពីខែមុន កាសែត Wall Street Journal បានរាយការណ៍ថា Apple ស្ថិតនៅក្នុងកិច្ចពិភាក្សាជាលើកដំបូង ដើម្បីចូលរួមក្នុងការវិនិយោគជាមួយក្រុមហ៊ុន OpenAI ខណ:ការចាប់ដៃគូនេះ ត្រូវបានគេរំពឹងថាអាចនឹងធ្វើឲ្យក្រុមហ៊ុនដែលផលិត ChatGPT កើនឡើងតម្លៃទីផ្សារលើសពី ១០០ពាន់លានដុល្លារភ្លាមៗ។
ជម្រាបជូនថា OpenAI គឺជាក្រុមហ៊ុនជំនាញខាងផ្នែក AI ខ្លាំង ដោយពួកគេបានចាប់ផ្តើមជាមួយនឹងការបង្កើតកម្មវិធី ChatGPT នៅចុងឆ្នាំ២០២២ ដែលនេះជំរុញឲ្យក្រុមហ៊ុននានា នៅគ្រប់វិស័យទាំងអស់ ចាប់ផ្តើមចាក់លុយវិនិយោគរាប់ពាន់លាននៅក្នុងបច្ចេកវិទ្យាថ្មីនេះ ដើម្បីបន្តការប្រកួតប្រជែង និងចាប់យកចំណែកទីផ្សារ៕