ភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងប្រទេសចិន បានកើនឡើងយ៉ាងខ្លាំង នៅថ្ងៃចន្ទ ទី៣០ ខែកញ្ញា នេះ បន្ទាប់ពីរដ្ឋាភិបានទីក្រុងប៉េកាំង បានដាក់ចេញវិធានការបន្ធូរបន្ថយលើការទិញផ្ទះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការធ្លាក់ចុះនៃទីផ្សារលំនៅដ្ឋាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
សន្ទស្សន៍ភាគហ៊ុនអចលនទ្រព្យនៅក្នុងទីផ្សារហ៊ុន Hang Seng របស់ហុងកុង បានកើនឡើងជាង ១០% នៅក្នុងការជួញដូរដំបូង ស្របពេលសន្ទស្សន៍អចលនទ្រព្យ នៅក្នុងផ្សារហ៊ុន CSI 300 ក៏បានកើនឡើងប្រហែល ៩% ផងដែរ។
ជុំវិញការកើនឡើងនៃតម្លៃភាគហ៊ុននៃទីផ្សារអចលនទ្រព្យនេះ បានកើតឡើងបន្ទាប់ពីធនាគារកណ្តាលរបស់ប្រទេសចិន បានបង្ហាញពីផែនការជំរុញថ្មីដ៏ធំបំផុតមួយរបស់ខ្លួនមិនធ្លាប់មាន ចាប់តាំងពីមានជំងឺរាតត្បាតកូវីដ-១៩ មក។
គួរឲ្យដឹងថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យ Kaisa Group និង Fantasia ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បានកើនឡើង ៤៥% និង ៣២% រៀងគ្នា ខណៈពេលដែលក្រុមហ៊ុន R&F Properties ដែលមានមូលដ្ឋាននៅក្វាងចូវ បានកើនឡើង ២០% ផងដែរ។
ទន្ទឹមនឹះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Vanke នៅ Shenzhen បានកើនឡើង ៩,៥% ស្របពេលភាគហ៊ុនរបស់ Greenland ដែលចុះបញ្ជីនៅ Shanghai បានកើនឡើង ១០%។
ជម្រាបជូនថា ទីក្រុងក្វាងចូវ កាលពីថ្ងៃអាទិត្យ បានក្លាយជាទីក្រុងលំដាប់កំពូលរបស់ចិនដំបូងគេដែលដកការរឹតបន្តឹងទាំងអស់លើការទិញផ្ទះថ្មី ខណៈពេលដែលទីក្រុងសៀងហៃ និង Shenzhen ក៏បានបញ្ជាក់ថានឹងបន្ធូរបន្ថយចំពោះការទិញផ្ទះថ្មីផងដែរ៕