ប្រធានាធិបតីអាមេរិក ចិន រុស្ស៊ី និងកូរ៉េខាងជើង គឺជាមេដឹកនាំប្រទេសដែលមានភាពលេចធ្លោ ព្រោះខ្លះជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ពិភពលោក ហើយមិនត្រឹមតែប៉ុណ្ណោះក៏ជាប្រទេសដែលមានសព្វាវុធយោធាយ៉ាងរឹងមាំផងដែរ។ មេដឹកនាំទាំង៤រូបនេះត្រូវបានគេដឹងថា ជាបុគ្គលដែលមានទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ បើផ្អែកតាមការចុះផ្សាយពីគេហទំព័រ Yahoo Finance ។
ចាប់តាំងពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានឆាបឆេះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ មនុស្សភាពច្រើនតែងតែចាប់អារម្មណ៍ខ្ពស់ចំពោះរឿងរ៉ាវពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី ប៉ុន្តែចំពោះហិរញ្ញវត្ថុរបស់មេដឹកនាំកំពូល លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានលាក់យ៉ាងអាថ៌កំបាំង។ បើតាមការវាស់ស្ទង់ពីសំណាក់អតីតនាយកប្រតិបត្តិក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មឯកទេសក្នុងទីផ្សាររុស្ស៊ី Hermitage Capital Management លោក Bill Browder បានលើកឡើងថា ទ្រព្យសម្បត្តិរបស់ប្រធានាធិបតីរុស្ស៊ីរូបនេះ គឺមានរហូតដល់ទៅ ២០០ពាន់លានដុល្លារឯណោះ។
រីឯមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏ជាបុគ្គលមួយរូបមានទ្រព្យច្រើនមហាសាលផងដែរ ដោយប៉ានស្មានថាមានចំនួន ៥ពាន់លានដុល្លារចាប់តាំងពីឆ្នាំ២០១៣មក។ កូរ៉េខាងជើងជាប្រទេសរឹតត្បិតព័ត៌មានណាស់ តែការលេចឮព័ត៌មានដូច្នេះ ក៏ដោយហេតុថាកាលនោះមន្ត្រីអាមេរិក និងកូរ៉េខាងត្បូង បានរកឃើញទ្រព្យសម្បត្តិ និងគណនីធនាគារគ្រប់គ្រងដោយលោក គីម ជុងអ៊ុន និងក្រុមគ្រួសារជាង ២០០គណនីត្រូវបានតម្កល់នៅក្នុងប្រទេសចិន រួមទាំងប្រទេសផ្សេងទៀតដូចជា អូទ្រីស លុចសំបួរ រុស្ស៊ី និងស្វីស។
មួយវិញទៀត លោក ស៊ី ជិនពីង កាន់តំណែងជាអគ្គលេខាបក្សកុំម្មុយនិស្តចិន ជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានគណ´កម្មការយោធាមជ្ឈឹម តែក្នុងមួយឆ្នាំៗ រូបលោកទទួលបានប្រាក់បៀវត្សរ៍ត្រឹមតែ ២២ ០០០ដុល្លារប៉ុណ្ណោះ។ យ៉ាងណាក៏ដោយនៅឆ្នាំ២០១២ លេចឮព័ត៌មានថា លោក និងគ្រួសារ គឺជាអ្នកនៅពីក្រោយភាគហ៊ុនតម្លៃ ២៤៤លានដុល្លារក្នុងក្រុមហ៊ុនវិនិយោគអចលនទ្រព្យ Shenzhen Yuanwei ដែលស្មើនឹង ៣៣៤លានដុល្លារនៅឆ្នាំ២០២៤ និងត្រូវបានគេប៉ាន់ស្មានទំហំទ្រព្យសម្បត្តិរបស់លោកថាមានចំនួនសរុប ១,៥ពាន់លានដុល្លារ។
ជាមួយគ្នានោះ លោក ចូ បៃឌិន អំឡុងពេលចូលកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក កាលពីខែមករា ឆ្នាំ២០២១ បានប្រកាសពីទំហំទ្រព្យសម្បត្តិថាមានចំនួន ៨លានដុល្លារ។ យ៉ាងណាក៏ដោយ ការប៉ាន់ប្រមាណចុងក្រោយរបស់ទស្សនាវដ្តីនិយាយពីអ្នកមាន Forbes បានឲ្យដឹងថា មេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទីមួយនៅលើពិភពលោករូបនេះ មានទ្រព្យសម្បត្តិ ១០លានដុល្លារ។ បន្ថែមពីនោះលោកក៏មានអចលនទ្រព្យផងដែរ ដូចជាផ្ទះចំនួនពីរខ្នងនៅរដ្ឋ Delaware បច្ចុប្បន្នមានតម្លៃសរុប ៧លានដុល្លារ៕