ក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk កំពុងធ្វើការប្រមូលនូវរថយន្ត Cybertruck ប្រមាណ ២៧ ០០០គ្រឿងចូលមកកាន់រោងចក្រដើម្បីជួសជុលវិញ ក្រោយកាំមេរ៉ាក្រោយរបស់រថយន្តឃើញមានបញ្ហាបញ្ជូនរូបភាពមិនត្រឹមត្រូវ ដោយអាចបង្កជាហានិភ័យនៃការប៉ះទង្គិច។ នេះបើតាមការឲ្យដឹងពីសារព័ត៌មាន CNN ។

ផ្អែកតាមឯកសាររបស់រដ្ឋាភិបាលសុវត្ថិភាពចរាចណ៍ផ្លូវជាតិ (NHTSA) បានឲ្យដឹងថា នៅពេលដាក់លេខបើកថយក្រោយ អេក្រង់របស់រថយន្តមិនបានបង្ហាញរូបភាពអស់រយៈពេលដល់ទៅ ៨វិនាទី ដែលនេះគឺលើសពី ២វិនាទីតាមច្បាប់របស់សហព័ន្ធសហរដ្ឋអាមេរិក។
សូមជម្រាបជូនថា នេះគឺជាការប្រមូលរថយន្តអគ្គិសនីម៉ូឌែល Cybertruck លើកទីប្រាំហើយ ចាប់តាំងពីចេញលក់កាលពីឆ្នាំមុន តួយ៉ាងបញ្ហាការជូតកញ្ចក់រថយន្ត បំណែកគ្រឿងផ្លាស្ទិកនៅគែមៗត្រង់ថ្នេររថយន្តមានសភាពរលុង ដែលអាចជ្រុះរបូតពេលកំពុងបើកបរ ក៏ដូចជាឈ្នាន់បង្កើនល្បឿនជារឿយៗតែងតែគាំង ពេលដែលជាន់ឈ្នាន់នោះចុះក្រោម។

គួរឲ្យដឹងថា ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៤ ក្រុមហ៊ុន Tesla បានចែកចាយរថយន្តគ្រប់ម៉ូឌែលរបស់ខ្លួនបានចំនួនជិត ៤៦៣ ០០០គ្រឿងនៅទូទាំងពិភពលោក កើនឡើងបាន៦% ពីតួលេខដែលលក់បានកាលពីឆ្នាំមុន និងកើនឡើង៤% ពីចំនួនដែលចែកចាយរថយន្តបានកាលពីក្នុងត្រីមាសទីពីរ៕