អ្នកនិយមលេងកម្មវិធីកម្សាន្ត TikTok ប្រហែលជាស្គាល់ Khaby Lame ច្បាស់ហើយ ដោយសារតែរូបលោកបានបង្កើនភាពល្បីសុះសាយនៅទូទាំងពិភពលោក តាមរយ:ការផលិតវីដេអូខ្លីងាយៗរបស់ខ្លួន បង្ហោះនៅលើបណ្តាញសង្គម។ បច្ចុប្បន្ន Khaby មានអ្នកចុចតាមដានលើ TikTok ដល់ទៅជាង ១៦០ លាននាក់ ខណ:តួរលេខនេះ នៅតែបន្តកើនឡើងជានិច្ច។
នៅខែមីនាឆ្នាំ២០២០ Khaby គ្រាន់តែជាកម្មកររោងចក្រនៅក្នុងប្រទេសអ៊ីតាលីម្នាក់ប៉ុណ្ណោះ ប៉ុន្តែលោកត្រូវបានបញ្ឈប់ពីការងារដោយសារតែជំងឺរាតត្បាត និងចាប់ផ្តើមចូលលេងនៅក្នុង TikTok ខណ:ពេលនោះហើយភាពល្បីល្បាញរបស់លោកបានផ្ទុះឡើង តាមរយ:វីដេអូងាយៗ ដោយគាត់បានធ្វើឲ្យអ្នកទស្សនាយល់ថា ជីវិត ពិតជាមិនស្មុគស្មាញពេកទេ។
យ៉ាងណាមិញបើតាមគេហទំព័រហ្វេសប៊ុកមួយឈ្មោះថា Fresh News ថ្មីៗនេះ បានព្យាករថា Khaby ទំនងនឹងអាចក្លាយជាមហាសេដ្ឋី នៅត្រឹមឆ្នាំ២០២៩ ខាងមុខ ដោយសារតែលោកមានចំណុចពិសេសៗមួយចំនួននេះ ៖
១. ភាពសាមញ្ញ
នៅក្នុងពិភពលោកដែលពោពេញទៅដោយភាពស្មុគស្មាញ ប៉ុន្តែសម្រាប់វីដេអូរបស់ Khaby ដែលចេញមក តែងតែមានភាពសាមញ្ញ និងស្រស់ស្រាយជានិច្ច។ ជុំវិញសកម្មភាពសាមញ្ញៗបែបនេះហើយ បានធ្វើឲ្យលោកទាក់ទាញបានចិត្តមនុស្សជាច្រើន។
២.ភាពត្រឹមត្រូវ
Khaby គ្រាន់តែជាបុរសធម្មតាម្នាក់ដែលតែងតែប្រតិកម្មនឹងភាពមិនត្រឹមត្រូវរបស់មនុស្សដែលបង្ហាញនៅលើប្រព័ន្ធអ៊ីនធឺណិត។ គាត់តែងប្រកាន់ភ្ជាប់ទៅនឹងការធ្វើរឿងត្រឹមត្រូវជានិច្ច ដែលជាប្រតិកម្មពិតប្រាកដដើម្បីជាការឆ្លើយតបទៅនឹងមនុស្សរាប់លាននាក់។
៣. ភាពជាប់លាប់
Khaby បង្ហោះវីដេអូរបស់ខ្លួនជាច្រើនដងជារៀងរាល់ថ្ងៃ ពេលខ្លះមានដល់ទៅ ៣-៤ វីដេអូ។
របៀបនៃការបង្ហោះជាប់លាប់របស់គាត់នេះ គឺស្របទៅតាមក្បួនរបស់ TikTok ដោយធានានូវចំនួនមើលឃើញថេរ។
ប៉ុន្តែសម្រាប់ Khaby វាមិនមែនគ្រាន់តែជាបរិមាណនោះទេ ស្របពេលគុណភាពវីដេអូរបស់គាត់ គឺនៅតែខ្ពស់ដដែល ផងដែរ។
៥. យុទ្ធសាស្ត្រឆ្លងវេទិកា
ខណៈពេលដែល TikTok គឺជាវេទិកាសំខាន់ ប៉ុន្តែ Khaby មិននៅតែមួយកន្លែងនោះទេ ដោយគេបានភ្ជាប់ជាមួយនឹងទៅនឹងបណ្តាញសង្គមធំៗផ្សេងទៀត។ ក្នុងនោះ Khaby មាន Instagram ដែលមានអ្នកចុះតាមដានជាង ៨០លាននាក់ និង YouTube មានអ្នក Subscribe ប្រមាណ ១០ លាននាក់ ផងដែរ។
៦.ការរកប្រាក់ចំណូល
តាមរយ:ភាពល្បីល្បាញនេះ Khaby មិនផ្តោតតែលើប្រាក់ចំណូលពីបណ្តាញសង្គមមួយមុខនោះឡើយ ដោយគេបានបង្កើនប្រាក់ចំណូលតាមរយ:ប្រភពជាច្រើនទៀត ក្នុងនោះរួមមាន ផ្សព្វផ្សាយជាមួយម៉ាកយីហោ Xbox, Netflix និង Amazon , មានភាពជាដៃគូជាមួយ Cryptocurrency
និងការប្រមូលទុក NFT ជាដើម។
ជម្រាបជូនផងដែរថា ទ្រព្យសម្បត្តិសរុបរបស់ Khaby Lame បច្ចុប្បន្ន ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ២០លានដុល្លារ តាមរយ:ការកើនឡើងភាពល្បីល្បាញនៅលើ TikTok និងភាពជាដៃគូសំខាន់ៗជាមួយម៉ាកយីហោលំដាប់ពិភពលោក៕