មេធំ Facebook វ៉ាដាច់ Jeff Bezos ឡើងគ្រងតំណែងជាមហាសេដ្ឋីមានបំផុតទី២ ក្នុងលោកជាលើកដំបូង

អន្តរជាតិ

ស្ថាបនិក Facebook លោក Mark Zuckerberg បានក្លាយជាមហាសេដ្ឋីមានបំផុតលំដាប់ទី២ របស់ពិភពលោកជាលើកដំបូង គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលាកន្លងទៅ​ ដោយបានវ៉ាដាច់ស្ថាបនិកក្រុមហ៊ុន Amazon លោន Jeff Bezos បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Meta Platforms Inc. បន្តកើនឡើងខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការបន្តវិនិយោគទៅលើប្រព័ន្ធ Metaverse ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហាក់បានជំរុញឲ្យទ្រព្យសម្បត្តិរបស់លោក Mark កើនឡើងយ៉ាងខ្លាំង ពោលគឺដល់ចំនួនជាង ២០៦ពាន់លានដុល្លារ ដោយនាំមុខទៅលើស្ថាបនិកក្រុមហ៊ុន Amazon ចំនួនជាង ១ពាន់លានដុល្លារ និងតាមពីក្រោយស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ជិត ៥០ពាន់លានដុល្លារ ដែលឈរនៅចំណាត់ថ្នាក់កំពូល។ នេះបើតាមសារព័ត៌មាន Bloomberg ។

គួរឲ្យដឹងថា តម្លៃភាគហ៊ុនរបស់ Meta បានកើនឡើង ២៣% ចាប់តាំងពីក្រុមហ៊ុនបានរាយការណ៍ពីការលក់​មានភាពល្អប្រសើរជាងការរំពឹងទុក នៅក្នុងត្រីមាសទី២ និងរួមទាំងការបញ្ចេញនូវបច្ចេកវិទ្យាថ្មីចុងក្រោយមួយ ដែលមានឈ្មោះថា AI chatbots ។

ជម្រាបជូនថា លោក Mark ដែលជាម្ចាស់ភាគហ៊ុន ១៣% នៅក្នុងក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Menlo Park រដ្ឋកាលីហ្វ័រញ៉ា បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើង ៧៨ពាន់លានដុល្លារ គិតរហូតមកដល់ពេលនេះ ដែលជាចំនួនកើនឡើងងច្រើនបំផុត ក្នុងចំណោមមហាសេដ្ឋីសរុបទាំង ៥០០នាក់ នៅលើពិភពលោកដែលតាមដានដោយ Bloomberg ៕