Toyota បោះទុនវិនិយោគបន្ថែម ៥០០លានដុល្លារដើម្បីផលិតយន្តហោះតាក់ស៊ី

អន្តរជាតិ

យោងតាមឯកសារពីក្រុមហ៊ុន Toyota បានបង្ហាញឲ្យដឹងថា កាលពីថ្ងៃទី២​ ខែកញ្ញា ក្រុមហ៊ុន Toyota Motor Corporation បានប្រកាសថា ខ្លួនបានវិនិយោគទុនក្នុងទំហំទឹកប្រាក់បន្ថែមចំនួន ៥០០លានដុល្លារ ទៅក្នុងក្រុមហ៊ុន Joby Aviation ដើម្បីគាំទ្រដល់ការផលិតតាក់ស៊ីប្រើប្រាស់ថាមពលអគ្គិសនីដឹកអ្នកដំណើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការវិនិយោគនេះ នឹងធ្វើឲ្យក្រុមហ៊ុន Toyota Motor Corporation បង្កើននូវទុនវិនិយោគរបស់ខ្លួនកើនឡើងសរុបដល់ចំនួន ៨៩៤លានដុល្លារនៅក្នុងក្រុមហ៊ុន Joby ខណៈដែលវាក៏បានឆ្លុះបញ្ចាំងពីឆន្ទៈនៃគ្រួសារស្ថានិករបស់ Toyota Motor Corporation តាំងតែពីលោក Kiichiro Toyota រហូតដល់ប្រធានក្រុមហ៊ុនបច្ចុប្បន្នលោក Akio Toyota ក្នុងការសម្រេចនូវក្តីសុបិនផលិតយានបើកលើអាកាសអាចដឹកមនុស្សជាប្រចាំថ្ងៃ ដូចទៅនឹងរថយន្តតាក់ស៊ីបើកលើផ្លូវគោកជាដើម។

គួរឲ្យដឹងផងដែរថា ក្រៅតែពីការវិនិយោគជារូបិយវត្ថុ Toyota ចាប់តាំងពីឆ្នាំ២០១៩ បាននិងកំពុងវិនិយោគទាំងពេលវេលា ព្រមទាំងធនធានមនុស្ស ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ផ្សេងៗទាក់ទងនឹងប្រព័ន្ធផលិតកម្មរបស់ Toyota ទៅក្នុងដំណើរការផលិតយន្តហោះតាក់ស៊ីប្រើប្រាស់ថាមពលអគ្គិសនីរួមគ្នានេះ។ បច្ចុប្បន្នវិស្វកររបស់ Toyota បានធ្វើការរួមគ្នាជាមួយ Joby នៅរដ្ឋកាលីហ្វ័រញ៉ា ហើយកាលពីឆ្នាំ២០២៣ ក្រុមហ៊ុនទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែងមួយជាមួយក្រុមហ៊ុន Toyota ក្នុងការផ្គត់ផ្គង់គ្រឿងម៉ាស៊ីន និងគ្រឿងបង្គុំជាច្រើនផ្សេងទៀត សម្រាប់ផលិតយន្តហោះ Joby ៕