មហាសេដ្ឋីគ្រីបតូ លោក Changpeng Zhao ឬស្គាល់ថា CZ បានសន្យាថានឹងបន្តវិនិយោគបន្ថែមទៀត ក្នុងវិស័យបច្ចេកវិទ្យា ដូចជា Blockchain ក៏ដូចជាបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាជីវសាស្រ្ត នៅក្រោយពេលដែលលោកត្រូវបានដោះលែងពីពន្ធនាគារ នៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
នៅក្នុងការប្រកាសមួយលើបណ្តាញសង្គម X ក្រោយការបង្ហាញមុខជាសាធារណៈលើកដំបូង សហស្ថាបនិកក្រុមហ៊ុនផ្លាស់ប្តូររូបិយប័ណ្ណឌីជីថល Binance រូបនេះ បាននិយាយថា លោកគឺជាអ្នកវិនិយោគរយ:ពេលវែងទៅលើវិស័យបច្ចេកវិទ្យា ហើយនឹងមិនបោះបង់ចោលជាដាច់ខាត។
គួរឲ្យដឹងថាក្រុមហ៊ុន Binance ត្រូវបានរងការពិន័យជាទឹកប្រាក់ចំនួន ៤,៣ពាន់លានដុល្លារ ក្នុងខែវិច្ឆិកា ជុំវិញការចោទប្រកាន់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ពីបទអនុញ្ញាតឲ្យឧក្រិដ្ឋជន និងក្រុមភេរវករប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនខ្លួនបាន។ ទន្ទឹមនឹងនោះ លោក Zhao ក៏បានយល់ព្រមបង់ប្រាក់ពិន័យផ្ទាល់ខ្លួនចំនួន ៥០លានដុល្លារ ផងដែរ និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ខែ មុនពេលត្រូវដោះលែងឲ្យមានសេរីភាពវិញ កាលពីថ្ងៃទី២៧ ខែកញ្ញាកន្លងទៅ។
ជម្រាបជូនផងដែរថា លោក Zhao គឺជាមហាសេដ្ឋីគ្រីបតូដ៏លេចធ្លោបំផុតមួយ ដោយមានទ្រព្យសម្បត្តិសរុបប្រមាណជាង ៣០ពាន់លានដុល្លារ។ ហើយជាមួយនឹងការជាប់ពន្ធនាគារនេះ ក៏បានធ្វើឲ្យលោកក្លាយជាអ្នកទោសដែលមានទ្រព្យសម្បត្តិច្រើនបំផុតមិនធ្លាប់មានពីមុន ផងដែរ។ នេះបើតាមសារព័ត៌មាន Bloomberg៕