ប្រទេសម៉ាឡេស៊ី ត្រូវបានគេរាយការណ៍ថា កំពុងទទួលបានការវិនិយោគក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ពីសំណាក់ក្រុមហ៊ុនខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយផ្សេងទៀត ដែលជាការជំរុញចុងក្រោយបំផុតមួយនៃការរីកចម្រើនទៅលើប្រព័ន្ធបច្ចេកវិទ្យា AI នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
ប្រភពដែលនេះ បានឲ្យដឹងថា ក្រុមហ៊ុន Oracle បានប្រកាសថាខ្លួននឹងវិនិយោគយ៉ាងហោចណាស់ ៦,៥ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍសេវាកម្មផ្ទុកទិន្នន័យ Cloud ក្នុងប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថា ជុំវិញការវិនិយោគនេះ នឹងធ្វើឲ្យអតិថិជនរបស់ខ្លួន នៅក្នុងប្រទេសម៉ាឡេស៊ី អាចប្រើប្រាស់សេវាកម្ម AI បានកាន់តែប្រសើរឡើង និងថែមទាំងអាចជួយឲ្យស្ថាប័នម៉ាឡេស៊ី ធ្វើទំនើបកម្មកម្មវិធីឌីជីថលរបស់ពួកគេ ផងដែរ។
ទន្ទឹមនឹងនេះ លោក Garrett Ilg អនុប្រធានប្រតិបត្តិ និងជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Oracle ប្រចាំប្រទេសជប៉ុន និងតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ម៉ាឡេស៊ីបានផ្តល់ឱកាសរីកចម្រើនជាច្រើន ជាពិសេសសម្រាប់អង្គការដែលកំពុងស្វែងរកការពន្លឿនការងាររបស់ពួកគេ ជាមួយនឹងបច្ចេកវិទ្យាឌីជីថលចុងក្រោយបង្អស់” ។
ជម្រាបជូនផងដែរថា ក្រៅតែពី Oracle នៅមានក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកផ្សេងទៀត ដូចជា Amazon , Microsoft និង Google ក៏បានប្រកាសពីការវិនិយោគរាប់ពាន់លានដុល្លារ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ Cloud ក្នុងប្រទេសម៉ាឡេស៊ី ផងដែរ៕