អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានវិលត្រលប់ទៅធ្វើយុទ្ធនាការស្វែងរកសន្លឹកឆ្នោត នៅក្នុងរដ្ឋ Pennsylvania ជាថ្មីម្តងទៀត ដោយក្នុងនោះ ក៏មានការចូលរួមជាពិសេសពីសំណាក់ មហាសេដ្ឋី Elon Musk ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
រំលឹកផងដែរថា កាលពីថ្ងៃទី១៣ ខែកក្កដា ពេលកំពុងឈរថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅលើឆាក ក្នុងទីក្រុង Butler រដ្ឋ Pennsylvania លោក ត្រាំ ត្រូវបានខ្មាន់កាំភ្លើងប៉ុនប៉ងធ្វើឃាតតែមិនបានសម្រេច ដោយបាញ់រូបលោកចំត្រចៀកខាងស្តាំ។ ហើយយ៉ាងណាមិញ ក្នុងអំឡុងការជួបជុំក្រុមអ្នកគាំទ្រសាជាថ្មី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោក ត្រាំ បានសម្តែងការគោរពចំពោះ បុរសម្នាក់ដែលបានស្លាប់ ក្នុងហេតុការណ៍នោះ និង២នាក់ផ្សេងទៀត ដែលបានរងរបួស។
ទន្ទឹមនឹងនោះ មហាសេដ្ឋីអាមេរិក និងជាស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ក៏បានបង្ហាញខ្លួនជាលើកដំបូងផងដែរ ក្នុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោតរបស់លោក ត្រាំ ចាប់តាំងពីរូបលោកបានបង្ហាញការគាំទ្រជាសាធារណចំពោះលោក ត្រាំ ក្រោយការប៉ុនប៉ងធ្វើឃាតនោះ។
គួរឲ្យដឹងថា អំឡុងពេលបង្ហាញខ្លួនជាមួយលោក ត្រាំ នោះ លោក Musk បានហៅបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋរូបនេះថាជាមនុស្សតែមួយគត់ ដែលអាចការពារលទ្ធិប្រជាធិបតេយ្យនៅអាមេរិកបាន។
ជម្រាបជូនថា នេះជាការឃោសនាស្វែងរកសន្លឹកឆ្នោតលើកចុងក្រោយហើយ មុនពេលលោក ត្រាំ និងត្រូវប្រកួតប្រជែង ជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខជនរបស់បក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី នាថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ៕