សិង្ហបុរី ចោទប្រកាន់មហាសេដ្ឋីអលចនទ្រព្យម្នាក់ ពីបទជាប់ទាក់ទងជាមួយអតីតរដ្ឋមន្ត្រីពុករលួយ

អន្តរជាតិ

មហាសេដ្ឋីអលចនទ្រព្យ លោក Ong Beng Seng ដែលជាម្ចាស់ក្រុមហ៊ុន Hotel Properties Ltd ត្រូវបានតុលាការប្រទេសសង្ហបុរី ចោទប្រកាន់ពីបទធ្វើឲ្យរាំងស្ទះដល់ដំណើរការយុត្តិធម៌ និងផ្តល់អំណោយជូនដល់អតីតរដ្ឋមន្ត្រីដឹកជញ្ជូនម្នាក់ ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ក្នុងសំណុំរឿងពុករលួយដ៏ធំមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចោទប្រកាន់ទាំងពីរករណីនេះ ត្រូវបានឡើង ក្នុងអំឡុងពេលនៃការស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេតការអនុវត្តន៍អំពើពុករលួយ (CPIB) ទៅលើអតីតរដ្ឋមន្ត្រីដឹកជញ្ជូន លោក S. Iswaran ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១២ខែ កាលពីថ្ងៃទី៣ ខែតុលា ពីបទទទួលសំណូកសូកប៉ាន់ និងវត្ថុមានតម្លៃមួយចំនួនពីលោក Ong ។

ក្នុងអំឡុងពេលសវនាការរបស់លោក Iswaran ព្រះរាជអាជ្ញាបាននិយាយថា អតីតរដ្ឋមន្ត្រីរូបនេះ បានទទួលអំណោយពិសេសៗជាច្រើនពីលោក Ong ដែលមានតម្លៃសរុបជាង ៣សែនដុល្លារ រួមទាំងសំបុត្រចូលរួមមើលការប្រកួតបាល់ទាត់ English Premier League, សំបុត្រប្រណាំងឡាន F1 Grand Prix, ការប្រគុំតន្ត្រីនៅទីក្រុងឡុងដ៍ និងការជិះយន្តហោះឯកជន ទៅកាន់ទីក្រុង Doha ផងដែរ។

សូមជម្រាបថា ដោយផ្អែកតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីបានបង្ហាញថា លោក Iswaran បានប្រកាសលាលែងពីតំណែងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងជាសមាជិកនៃគណបក្សសកម្មភាពប្រជាជន ដែលជាបក្សកំពុងកាន់អំណាចសព្វថ្ងៃ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤៕