នាពេលបច្ចុប្បន្នបញ្ញាសិប្បនិម្មិត (AI) បាននិងកំពុងរីកចម្រើនយ៉ាងលឿនរហ័ស ហើយក៏កំពុងក្លាយជាទីពេញនិយមសម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក។ ការរីកចម្រើននេះហើយធ្វើឲ្យភាគហ៊ុន និងទ្រព្យសម្បត្តិរបស់បណ្តាវិនិយោគិន និងម្ចាស់បច្ចេកវិទ្យា AI ទាំងនោះកំពុងបន្តកើនឡើងទ្រព្យសម្បត្តិរបស់ពួកគេគួរឲ្យកត់សំគាល់។

បើផ្អែកតាមការចុះផ្សាយពី QUARTZ បានបង្ហាញឲ្យដឹងថា ខាងក្រោមនេះ គឺសុទ្ធសឹងតែជាមហាសេដ្ឋីកំពូលៗទាំង ៤រូប រកស៊ីកាក់កបបំផុតក្នុងវិស័យ AI នៅឆ្នាំ២០២៤៖
១. ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីប Nvidia លោក Jensen Huang បានឃើញនូវទ្រព្យសម្បត្តិមានការកើនឡើង បន្ទាប់ពីមានតម្រូវការខ្ពស់ចំពោះផលិតផលបន្ទះឈីប AI របស់ក្រុមហ៊ុន Nvidia ។ ទ្រព្យសម្បត្តិរបស់លោក Huang បានកើនឡើងចំនួន ៦៣,៥ពាន់លានដុល្លារក្នុងឆ្នាំនេះ ខណៈទ្រព្យភាគច្រើនរបស់លោកបានមកពីភាគហ៊ុន៣,៥% នៅក្នុងក្រុមហ៊ុន Nvidia នេះបើយោងតាមការចុះផ្សាយពី Bloomberg Billionaires Index ។ យ៉ាងណាបើផ្អែកតាមទស្សនាវដ្តី Forbes បានឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់លោក Huang គឺមានចំនួន ១០៨,៦ពាន់លានដុល្លារគិតត្រឹមរសៀលថ្ងៃសុក្រ ទី៤ ខែតុលា។

២. ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Dell Technologies (Dell) លោក Michael Dell បានឃើញទ្រព្យសម្បត្តិសុទ្ធរបស់ខ្លួនកើនបានចំនួន ៣១,៦ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយពី Bloomberg Billionaires Index ខណៈភាគច្រើននៃទ្រព្យសម្បត្តិសុទ្ធរបស់លោក គឺបានមកពីភាគហ៊ុនប្រហែលពាក់កណ្តាលនៅក្នុងក្រុមហ៊ុន Dell ។ ដោយឡែកបើផ្អែកតាមទស្សនាវដ្តី Forbes បានឲ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក គឺមានចំនួន ១០៤,៩ពាន់លានដុល្លារគិតត្រឹមរសៀលថ្ងៃសុក្រ។

៣. ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានឃើញនូវទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើងដល់ទៅចំនួន ៧៨,១ពាន់លានដុល្លារក្នុងឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយពី Bloomberg Billionaires Index ។ ម្យ៉ាងវិញទៀត បើផ្អែកតាមបញ្ជីរាយនាមមហាសេដ្ឋីរបស់ Forbes លោក Zuckerberg គឺជាមហាសេដ្ឋីលំដាប់ទី៣ នៅលើពិភពលោក ដែលមានទំហំទ្រព្យសម្បត្តិសុទ្ធចំនួន ២០៤,៣ពាន់លានដុល្លារ គិតត្រឹមរសៀលថ្ងៃសុក្រ។

៤. សហស្ថាបនិកក្រុមហ៊ុន Oracle (ORCL) លោក Larry Ellison គិតត្រឹមរសៀលថ្ងៃសុក្រដូចគ្នា រូបលោកមានទ្រព្យសម្បត្តិចំនួន ២០៦,៨ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes ។ ភាគហ៊ុនក្នុងក្រុមហ៊ុន Oracle បានកើនឡើងប្រហែល៦២,៧% នៅឆ្នាំនេះ ដោយសារអាជីវកម្ម Cloud មានភាពកាក់កប ស្របពេលដែលលោក Ellison កាប់កាប់ភាគហ៊ុនក្រោម៤០% នៃភាគហ៊ុនរបស់ Oracle ទាំងមូល៕
