បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បាននិយាយថា លោកនឹងធ្វើការដំឡើងពន្ធបន្ថែមដល់ទៅ ២០០% សម្រាប់រថយន្តដែលនាំចូលពីប្រទេសម៉ិកស៊ិក ប្រសិនបើយកឈ្នះក្នុងការបោះឆ្នោតឡើងជាប្រធានាធិបតីអាណត្តិថ្មីនោះ។ នេះតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជាក់ស្តែង អំឡុងពេលនិយាយនៅក្នុងការប្រមូលផ្តុំនៅឯប្រលានយន្តហោះ ក្នុងទីក្រុង Juneau រដ្ឋ Wisconsin កាលពីថ្ងៃទី៦ ខែតុលា លោក ត្រាំ បានបញ្ជាក់ថានឹងមិនអនុញ្ញាតឲ្យមានការនាំចូលរថយន្តទាំងនោះ មកកាន់ទឹកដីសហរដ្ឋអាមេរិកនោះទេ។ ហើយលោកក៏នឹងត្រៀមខ្លួនរួចជាស្រេចដើម្បីដំឡើងពន្ធដល់ ២០០% ផងដែរ ប្រសិនបើវាចាំបាច់។
គួរដឹងផងដែរថា នេះមិនមែនជាលើកទីមួយនោះឡើយ ដោយក្នុងអំឡុងការឃោសនាបោះឆ្នោតកន្លងមក លោក ត្រាំ បានសន្យាថានឹងដំឡើងពន្ធទៅលើលើរថយន្តអ្នកដំណើរ និងឡានដឹកទំនិញដែលនាំចូល ក្នុងគោលបំណងដើម្បីជួយដល់ឧស្សាហកម្មរថយន្តក្នុងស្រុក។
ម៉ិកស៊ិកបាននាំចេញរថយន្តប្រហែល ៣ លានគ្រឿង មកកាន់ទឹកដីសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៣ ដោយក្នុងនោះក្រុមហ៊ុនផលិតរថយន្ត Detroit Three បាននាំចូលប្រហែលពាក់កណ្តាលនៃចំនួននោះ។
ជម្រាបជូនផងដែរថា ទាំងបេក្ខជនគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris និងលោក ត្រាំ បានចំណាយទាំងពេលវេលា ថវិកា និងធនធានយ៉ាងច្រើន សម្រាប់យុទ្ធនាការស្វែងរកសន្លឹកឆ្នោតរបស់ខ្លួន នៅក្នុងរដ្ឋធំៗដូចជា Michigan, Pennsylvania និង Wisconsin ដែលត្រូវបានគេចាត់ទុកថាជាគន្លឹះនៃភាពជោគជ័យ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី ធ្វើឡើងនាថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ៕