យោងតាមទិន្នន័យផ្លូវការមួយបានបង្ហាញឲ្យដឹងកាលពីថ្ងៃចន្ទ ទី៧ ខែតុលាថា ធនាគារកណ្តាលរបស់ប្រទេសចិន បានផ្អាកការទិញចូលមាសសម្រាប់ទុកជាទុនបម្រុងរបស់ខ្លួន អស់រយ:ពេល ៥ខែជាប់ៗគ្នាហើយ គិតត្រឹមខែកញ្ញា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ប្រទេសចិន បានកាន់កាប់ទុនបម្រុងមាសសរុបចំនួន ៧២,៨ លាន Troy ounces ឬស្មើទៅនឹងប្រហែល ២,២ ពាន់តោន កាលពីចុងខែមុន ខណ:តម្លៃនៃទុនបម្រុងមាសបានកើនឡើងដល់ ១៩១,៤ពាន់លានដុល្លារ បើធៀបទៅនឹងចំនួន ១៨២,៨ពាន់លានដុល្លារ នៅចុងខែសីហា។
គួរឲ្យដឹងថាតម្លៃមាសបានបន្តកើនឡើងប្រហែល ២៨% នៅឆ្នាំនេះ ដែលកំពុងឆ្ពោះទៅរកការកើនឡើងតម្លៃខ្លាំងបំផុតប្រចាំឆ្នាំមិនធ្លាប់មាន ក្នុងរយៈពេល ១៤ឆ្នាំ ចំពេលធនាគារកណ្តាលសហរដ្ឋអាមេរិក កំពុងត្រៀមដាក់ចេញវិធានការកាត់បន្ថយអត្រាការប្រាក់របស់ខ្លួន រួមទាំងមានតម្រូវការពីសំណាក់ធនាគារកណ្តាលនានា លើការទិញមាសមកបម្រុងទុកផងដែរ។
ជម្រាបជូនថា មុនពេលផ្អាកការទិញនេះ ធនាគារកណ្តាលចិន បានសម្រុកទិញមាសទុក ក្នុងរយៈពេលរហូតដល់ទៅ ១៨ខែជាប់ៗគ្នា។ ធនាគារកណ្តាលចិន គឺជាអ្នកទិញមាសដ៏ធំបំផុតមួយរបស់ពិភពលោក នៅក្នុងឆ្នាំ២០២៣ ខណ:ការផ្អាកទិញមាសនេះ ក៏ធ្វើឲ្យតម្រូវការមាសពីក្រុមវិនិយោគិនចិនធ្លាក់ចុះផងដែរ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕