ចំណុចទាំងនេះសោះ ទើបធ្វើឲ្យមហាសេដ្ឋី Mark Zuckerberg ចូលចិត្តជិះយន្តហោះ G650 ម្ល៉េះ

អន្តរជាតិ

ពេលធ្វើដំណើរទៅណាម្តងៗ ជារឿយៗបុគ្គលល្បីៗ ឬអ្នកជំនួញតែងតែធ្វើដំណើរតាមរយៈការជិះយន្តហោះឯកជន​(Private Jets) ដើម្បីអាចទៅដល់គោលដៅឲ្យទាន់ពេលវេលាតាមការណាត់ជួប។ Gulfstream G650 គឺជាម៉ូឌែលយន្តហោះឯកជនមួយប្រភេទ ដែលទាក់ទាញក្រសែភ្នែកបណ្តាធុរជនជាច្រើន ខណៈក្នុងនោះក៏មានសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់បុគ្គលដែលមានទ្រព្យដូចជាលោក Mark Zuckerberg ដូច្នេះ នឹងជ្រើសយកការប្រើប្រាស់ប្រភេទម៉ូឌែល G650 ត្បិតថាវាអាចធ្វើដំណើរបានរយៈចម្ងាយជាង ៧ ៥០០ម៉ាយដោយពុំចាំបាច់ឈប់សម្រាក ដែលនេះធ្វើឲ្យ Zuckerberg ជិះឆ្លងទ្វីបបានយ៉ាងងាយស្រួល។

បើតាមការឲ្យដឹងពី Simple Flying យន្តហោះនេះក៏មានបំពាក់មកជាមួយសេវា WiFi ប្រព័ន្ធកម្សាន្តកម្រិតគុណភាពខ្ពស់ និងក៏ជាយន្តហោះប្រភេទអាជីវកម្មហោះហើរបានរយៈចម្ងាយឆ្ងាយគួរឲ្យទុកចិត្តបំផុត ក្នុងទីផ្សារ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ត្រូវបានបំពាក់ដោយម៉ាស៊ីនចំនួនពីរគ្រឿងផលិតឡើងដោយក្រុមហ៊ុន Rolls Royce អាចបង្កើតល្បឿនបានជាង ៦៥០ម៉ាយក្នុងមួយម៉ោងនៅរយៈកំពស់ ៥១ ០០០ហ្វីត ជាមួយនឹងការចនាធ្វើយ៉ាងណាគ្រប់គ្រងកំដៅ ដើម្បីកាត់បន្ថយហានិភ័យនៃការឆាបឆេះ និងបំភាយឥន្ធនៈ ព្រមទាំងកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ។

បន្ថែមពីនោះ ក្នុងនាម Mark Zuckerberg ជាមហាសេដ្ឋីមួយរូប លោកក៏ត្រូវការពារសុវត្ថិភាពយន្តហោះផ្ទាល់ខ្លួនផងដែរ ដោយភាគច្រើនតែងតែចត G650 របស់ខ្លួននៅអាកាសយានដ្ឋាន Monterey Peninsula, Moffett Federal Airfield និងអាកាសយានដ្ឋាន Truckee Tahoe ជាដើម។

សូមជម្រាបថា យន្តហោះឯកជនរបស់លោក Mark Zuckerberg ម៉ូឌែល Gulfstream G650 មួយគ្រឿងនេះគឺមានតម្លៃចន្លោះពី ៣៥លានដុល្លារទៅ ៤២លានដុល្លារ ខណៈទ្រព្យសម្បត្តិរបស់លោក គិតត្រឹមថ្ងៃទី៨ ខែតុលា បើផ្អែកតាមទស្សនាវដ្តី Forbes បានឲ្យដឹងថាមានចំនួនជាង ២០២ពាន់លានដុល្លារ៕