តម្លៃអង្ករសរបស់ថៃ ចាប់ផ្តើមធ្លាក់ចុះ ក្រោយឥណ្ឌាបើកការនាំចេញអង្កររបស់ខ្លួនឡើងវិញ

អន្តរជាតិ

តម្លៃអង្ករសក្នុងស្រុករបស់ប្រទេសថៃ ហាក់ចាប់ផ្តើមធ្លាក់ចុះ បន្ទាប់ពីប្រទេសឥណ្ឌា បានសម្រេចចិត្តដកបម្រាមនៃការនាំចេញអង្កររបស់ខ្លួនឡើងវិញ ក្រោយផ្អាកអស់រយ:ពេលជាងមួយឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ បាននិយាយថាបើទោះបីជាការដកបម្រាមនៃការនាំចេញអង្កររបស់ឥណ្ឌា បានធ្វើតម្លៃអង្ករថៃធ្លាក់ចុះក៏ដោយ ប៉ុន្តែវានឹងមិនប៉ះពាល់ដល់បរិមាណនាំចេញអង្កររបស់ខ្លួន នៅឆ្នាំនេះនៅឡើយទេ។

ទន្ទឹមនឹងនេះ លោក Chookiat បានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាលឥណ្ឌា បានសម្រេចដកចេញការហាមឃាត់លើការនាំចេញអង្ករសក្រៅពីអង្ករ Basmati របស់ខ្លួន គឺដោយសារតែទិន្នផលស្រូវនៅឆ្នាំ២០២៤ នេះបន្តកើនឡើងខ្ពស់ ដែលបានជួយបង្កើនដល់ស្តុកអង្កររបស់រដ្ឋ សម្រាប់ការផ្គត់ផ្គង់នៅក្នុងស្រុក។

គួរឲ្យដឹងថាតម្លៃអង្ករបាក់ ៥% របស់ប្រទេសថៃ បានធ្លាក់ចុះមកត្រឹម ៥២០ ដុល្លារក្នុងមួយតោន ពី ៥៥០ដុល្លារ កាលពីសប្តាហ៍មុន ខណៈដែលអង្ករសបានធ្លាក់ចុះមកនៅត្រឹម ១៥ ៣០០ បាតក្នុងមួយតោន ពីតម្លៃ ១៧ ០០០បាត ។

លោក Chookiat បាននិយាយទៀតថា តម្លៃនាំចេញអង្កររបស់ប្រទេសថៃ អាចបន្តធ្លាក់ចុះដោយសារការផ្គត់ផ្គង់ខ្ពស់នៅក្នុងទីផ្សារ ហើយការថយចុះនេះ អាចនឹងអាស្រ័យលើកត្តាមួយចំនួនផ្សេង ខណ:ការនាំចេញអង្ករក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៤ នេះ មានចំនួនសរុប ៦,៥៧លានតោន ពោលគឺកើនឡើង ២៤% ធៀបនឹងឆ្នាំមុន៕