Aboitiz InfraCapital ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Aboitiz Equity Ventures របស់គ្រួសារមហាសេដ្ឋី Aboitiz បានដេញថ្លៃឈ្នះលើកិច្ចសន្យាក្នុងការអភិវឌ្ឍ និងដំណើរការអាកាសយានដ្ឋានអន្តរជាតិក្នុងស្រុកមួយ ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។
ក្រុមហ៊ុន Aboitiz នឹងចំណាយទឹកប្រាក់ប្រមាណ ១២,៨ពាន់លានប៉េសូ (២២៦លានដុល្លារ) ដើម្បីធ្វើឲ្យប្រសើរឡើងនូវអាកាសយានដ្ឋាន Laguindingan ស្ថិតនៅក្នុងខេត្ត Misamis Oriental ភាគខាងត្បូងនៃកោះ Mindanao ។ ជាមួយនឹងកិច្ចសន្យាដែលមានរយៈពេលដល់ទៅ ៣០ឆ្នាំ Aboitiz ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាជាមួយរដ្ឋាភិបាល នៅចុងខែតុលា ដើម្បីចាប់ផ្តើមប្រតិបត្តិការ និងអភិវឌ្ឍលើអាកាសយានដ្ឋានអន្តរជាតិនេះ។
ក្រុមហ៊ុន Aboitiz InfraCapital បាននិងកំពុងចុះទុនលើការវិនិយោគរបស់ខ្លួន នៅក្នុងព្រលានយន្តហោះធំៗរបស់ហ្វីលីពីនចំនួនពីររួចមកហើយ ដោយនៅឆ្នាំ២០២២ ពួកគេបានទិញយកអាកាសយានដ្ឋានអន្តរជាតិ Mactan-Cebu ពីក្រុមហ៊ុន Megawide ក្នុងតម្លៃ ២៥ពាន់លានប៉េសូ។ ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក៏បានដាក់សំណើដើម្បីសុំអភិវឌ្ឍ និងដំណើរការប្រលានយន្តហោះផ្សេងទៀត រួមទាំងអាកាសយានដ្ឋានអន្តរជាតិ Bohol-Panglao ថ្មី ដែលស្ថិតនៅចំកណ្តាលប្រទេសហ្វីលីពីន ផងដែរ។
ជម្រាបជូនថា ក្រុមហ៊ុន Aboitiz Equity ជាក្រុមហ៊ុនឈានមុខគេមួយរបស់ប្រទេសហ្វីលីពីន ដែលរកស៊ីលើវិស័យធំៗដូចជាថាមពល ធនាគារ សេវាកម្មហិរញ្ញវត្ថុ អាហារ និងអចលនទ្រព្យ និងត្រូវបានដឹកនាំដោយមហាសេដ្ឋីលោក Sabin Aboitiz។ ហើយបើតាមការចុះផ្សាយពី Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់ លោក Sabin និងគ្រួសារ មានចំនួនប្រមាណ ២,២ពាន់លានដុល្លារ៕