ចិន ត្រៀមបញ្ចេញទឹកប្រាក់ជិត ៣០ពាន់លានដុល្លារ ដើម្បីបំពេញគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួន

អន្តរជាតិ

រដ្ឋាភិបាលប្រទេសចិន កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា​ កំពុងត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបញ្ចេញកញ្ចប់ទឹកប្រាក់ចំនួន ២០០ពាន់លានយ៉ន់ (២៨ពាន់លានដុល្លារ) សម្រាប់គម្រោងវិនិយោគដោយរដ្ឋាភិបាលក្នុងតំបន់ នៅឆ្នាំនេះ​ ដើម្បីឈានដល់គោលដៅកំណើនសេដ្ឋកិច្ចដ៏មានមហិច្ឆតារបស់ខ្លួន។ នេះតាមការចុះផ្សាយពីសារព័ត៌មាន CNN។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចដ៏ធំនេះ ត្រូវបានប្រកាសដោយទីភ្នាក់ងាររៀបចំផែនការកំពូលរបស់ប្រទេសគឺ គណៈកម្មាធិការអភិវឌ្ឍ និងកំណែទម្រង់ជាតិ (NDRC) នៅក្នុងសន្និសីទសារព័ត៌មានដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ។

លោក Zheng Shanjie ប្រធានគណៈកម្មការ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា ៖”យើងមានទំនុកចិត្តក្នុងការសម្រេចបាននូវគោលដៅ និងភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រចាំឆ្នាំ រួមទាំងការរក្សាបាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព និងស្ថិរភាព”។

ប្រទេស​ចិន ​បាន​ប្រកាស​ពីគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួន ៥% កាលពីក្នុងខែ​មីនា ប៉ុន្តែ​យ៉ាងណាក៏ដោយទិន្នន័យ​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់ ហាក់មាន​ភាព​ទន់ខ្សោយ​ខ្លាំង​ដែល​ធ្វើឲ្យអ្នក​វិភាគសេដ្ឋកិច្ច​ព្រួយបារម្ភ​ថា​គោលដៅកំណើននេះ ​អាច​នឹង​ត្រូវ​ខកខាន។ ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក នៅតែបន្តស្ថិតក្នុងស្ថានភាពមិនល្អ ជាពិសេសទទួលរងពីវិបត្តិអចលនទ្រព្យ ការចំណាយចុះខ្សោយ អត្រាអត់ការងារធ្វើរបស់យុវជនខ្ពស់ ដែលស្ថិតក្នុងចំណោមបញ្ហាផ្សេងៗទៀត។

ជុំវិញបញ្ហាទាំងនេះ លោក Zheng បាននិយាយថា ដើម្បីជួយរដ្ឋាភិបាលក្នុងតំបន់ដែលកំពុងជួបបញ្ហាជាមួយ​គំនរ​នៃបំណុល រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងផ្តល់ទឹកប្រាក់ចំនួន ១០០ពាន់លានយន់ (១៤ពាន់លានដុល្លារ) ដែលយកចេញពីថវិការបស់រដ្ឋាភិបាលកណ្តាល និង ១០០ពាន់លានយ៉ន់បន្ថែមទៀត សម្រាប់គម្រោងវិនិយោគផ្សេងៗ។

ទន្ទឹមនឹងនេះ ក្រុមអ្នកសេដ្ឋកិច្ច ក៏រំពឹងទុកផងដែរថាវិធានការសារពើពន្ធបន្ថែមទៀតដែលមានតម្លៃសរុបប្រហែល ទី្រលានយ៉ន់ (២៨៥ពាន់លានដុល្លារ) នឹងត្រូវប្រកាសក្នុងខែតុលានេះផងដែរ បន្ទាប់ពីមេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង នៅទីបំផុតបានផ្តល់ការយល់ព្រមកាលពីចុងខែកញ្ញា ចំពោះផែនការផ្តល់កំណើនសេដ្ឋកិច្ចរបស់ខ្លួន៕