ជាទូទៅ ប្រាក់បៀវត្សរ៍ដែលខ្ពស់គឺអាស្រ័យទៅលើកម្រិតនៃការសិក្សា បទពិសោធន៍ តួនាទី ក៏ដូចជាជំនាញសមត្ថភាពរបស់ខ្លួនផងដែរ។ ដោយឡែក ប្រភេទនៃជំនាញដែលរៀនទាំងនោះ ក៏ទទួលបាននូវប្រាក់បៀវត្សរ៍ខុសៗគ្នា អាស្រ័យលើតម្រូវការទីផ្សារកំពុងមាននាពេលបច្ចុប្បន្នដូចគ្នា។ បើយោងតាមការស្ទង់មតិជាមធ្យមភាគនៃប្រាក់បៀវត្សរ៍ជាអន្តរជាតិរបស់ស្ថាប័ន NACE និងការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិក ចុះផ្សាយដោយ Forbes បានបង្ហាញឲ្យដឹងថា ក្នុងឆ្នាំ២០២៣ មុខជំនាញនៅសាកលវិទ្យាល័យដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់បំផុតរួមមាន៖

១. ជំនាញវិស្វកម្ម (Engineering)
វិស្វកម្មត្រូវបានគេចាត់ទុកថាជាជំនាញដែលរកប្រាក់ចំណូលបានច្រើនបំផុត ពោលទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំចំនួន ៧៦ ៧៤០ដុល្លារ។ ជំនាញ Engineering មានច្រើនប្រភេទរួមមាន Software developer, Industrial engineer, Mechanical engineer, Civil engineer និង Engineering manager ជាដើម។

២. ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ (Computer Sciences)
វិទ្យាសាស្ត្រកុំព្យូទ័រ ជាជំនាញដ៏ពេញនិយមបំផុតមួយក្នុងសម័យឌីជីថលនេះ ដោយវាពាក់ព័ន្ធនឹងកិច្ចការងារក្នុងកម្មវិធីកុំព្យូទ័រដែលមានភាពស្មុគស្មាញ។ ជំនាញមួយនេះទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំជាមធ្យមចំនួន ៧៤ ៧៨០ដុល្លារ ជាមួយនឹងតួនាទីការងារជា Information Security Analyst, Software Developer, Computer and information systems manager, Computer systems analyst រួមទាំងតួនាទីពាក់ព័ន្ធកុំព្យូទ័រជាច្រើនផ្សេងទៀត។

៣. ជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រ (Math and Sciences)
បរិញ្ញាបត្រផ្នែកគណិតវិទ្យា ឬវិទ្យាសាស្ត្រ អ្នកអាចបន្តអាជីពជាច្រើន ជាមួយនឹងប្រាក់បៀវត្សរ៍ប្រចាំឆ្នាំជាមធ្យមចំនួន ៧១ ០៨០ដុល្លារ ខណៈពេលបញ្ចប់ថ្នាក់បរិញ្ញាបត្រ អ្នកអាចជ្រើសការងាររួមមាន ជំនាញគណនាហានិភ័យ (Actuary) ជំនាញវិទ្យាសាស្ត្រទិន្នន័យ (Data scientist) ជំនាញអភិវឌ្ឍន៍កម្មវិធី (Software Developer) និងជាគ្រូបង្រៀនជាដើម។

៤. ជំនាញសង្គមកិច្ចវិទ្យា (Social Sciences)
សង្គមកិច្ចវិទ្យា ត្រូវបានគេដឹងថាទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំជាមធ្យមចំនួន ៦៩ ៨០០ដុល្លារ ដោយអាចឲ្យអ្នកធ្វើការនៅក្នុងផ្នែកនរវិទ្យា ប្រវត្តិសាស្ត្រ សង្គមវិទ្យា ឬផ្នែកស្រាវជ្រាវជាដើម។ មិនត្រឹមតែប៉ុណ្ណោះ សញ្ញាបត្រនេះអាចនាំអ្នកទៅកាន់អាជីពផ្នែកច្បាប់ អាជីវកម្ម នយោបាយ សេវាសង្គម និងវិស័យមិនរកប្រាក់ចំណេញផងដែរ។ លើសពីនោះ និស្សិតដែលទទួលបានបរិញ្ញាបត្រក្នុងមុខវិជ្ជាវិទ្យាសាស្ត្រសង្គម ភាគច្រើនធ្វើការក្នុងក្រុមហ៊ុនមានតួនាទីដូចជា អ្នកគ្រប់គ្រងហិរញ្ញវត្ថុ (Financial Manger) ច្បាប់ (Lawer) និងគណនេយ្យ (Accountant) ។

៥. ជំនាញមនុស្សសាស្ត្រ (Humanities)
ជំនាញមនុស្សសាស្ត្រ អាចទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំជាមធ្យមចំនួន ៦៨ ២៣០ដុល្លារ ដែលអាចឲ្យអ្នកធ្វើការនៅក្នុងផ្នែកមេធាវី អ្នកឯកទេសធនធានមនុស្ស គិលានុបដ្ឋាយិកា និងអ្នកគ្រប់គ្រងជាដើម។

៦. ជំនាញអាជីវកម្ម (Business )
ជាមួយនឹងបរិញ្ញាបត្រផ្នែកគ្រប់គ្រងធុរកិច្ច ឬសញ្ញាបត្រដែលទាក់ទងនឹងជំនាញអាជីវកម្មផ្សេងៗ អាចឲ្យអ្នកធ្វើការលើផ្នែកហិរញ្ញវត្ថុ ឬជាសហគ្រិនកាន់កាប់ជំនួញដោយខ្លួនឯង។ មុខជំនាញមួយនេះទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំជាមធ្យមចំនួន ៦៣ ៩១០ដុល្លារ។ បន្ថែមពីនោះ មុខជំនាញទាក់ទងអាជីវកម្មភាគច្រើនជាការងារក្នុងតួនាទីជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុ (Financial manager) ជំនាញគ្រប់គ្រងធនធានមនុស្ស (Human resources specialist) គណនេយ្យ (Accountant) និងអ្នកគ្រប់គ្រង (Manager) ផងដែរ។

៧. ជំនាញទំនាក់ទំនង (Communication)
ជំនាញដែលពាក់ព័ន្ធនឹងទំនាក់ទំនង គិតត្រឹមឆ្នាំ២០២៣ ជាមធ្យមទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំចំនួន ៦៦ ៣២០ដុល្លារ ខណៈពេលបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ការងារពេញនិយមសម្រាប់និស្សិតរួមមាន ទីផ្សារ (marketing specialist) ច្បាប់ (Lawyer) ផលិតករ (Producer of director) និងគ្រប់គ្រងធនធានមនុស្ស (Human resources specialist) ជាដើម។

៨. ជំនាញកសិកម្ម និងធនធានធម្មជាតិ (Agriculture and Natural Resources)
ជំនាញមួយនេះ គិតត្រឹមឆ្នាំ២០២៣ ជាមធ្យមទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំចំនួន ៦១ ៤០០ដុល្លារ ដែលអាចឲ្យអ្នកក្លាយជាអ្នកស្រាវជ្រាវ អ្នកដាំដំណាំ បសុសត្វ ឬផលិតទឹកដោះគោ ហើយមិនត្រឹមតែប៉ុណ្ណោះក៏អាចក្លាយជាពេទ្យសត្វ អ្នកវិទ្យាសាស្ត្រផ្នែកដី ឬរុក្ខជាតិ អ្នកគ្រប់គ្រង និងគ្រូបង្រៀនផងដែរ៕
