នាយកប្រតិបត្តិជាន់ខ្ពស់របស់ BYD មួយរូប បាននិយាយថា ក្រុមហ៊ុនខ្នាតយក្សរបស់ចិន នៅតែបង្ហាញចំណាប់អារម្មណ៍ក្នុងការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែរហូតមកដល់ពេលនេះ ហាក់មិនទាន់ទទួលបានសញ្ញាយល់ព្រមណាមួយ ពីសំណាក់រដ្ឋាភិបាលទីក្រុងញូវដែលី នៅឡើយទេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
រំលឹកផងដែរថា ក្រុមហ៊ុន BYD ធ្លាប់បានដាក់សំណើរវិនិយោគ ១ពាន់លានដុល្លារ កាលពីឆ្នាំមុន ដើម្បីសាងសង់រថយន្តអគ្គិសនី នៅក្នុងប្រទេសឥណ្ឌា។ ប៉ុន្តែរហូតមកដល់ពេលនេះរដ្ឋាភិបាលទីក្រុងញូវដែលី មិនទាន់បានអនុម័តផែនការនេះនៅឡើយទេ ចាប់តាំងពីពួកគេបានបង្កើនការត្រួតពិនិត្យយ៉ាងតឹងតែងបំផុតលើការវិនិយោគពីប្រទេសចិន បន្ទាប់ពីការប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែន ក្នុងឆ្នាំ២០២០ មក។
ទន្ទឹមនឹងនេះ លោក Rajeev Chauhan ប្រធានផ្នែកអាជីវកម្មរបស់ BYD នៅក្នុងប្រទេសឥណ្ឌា បាននិយាយនៅក្នុងបទសម្ភាសមួយទាក់ទងទៅនឹងគម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសឥណ្ឌាថា ផែនការវិនិយោគរបស់ក្រុមហ៊ុន នៅតែមាន ប៉ុន្តែមិនទាន់ទទួលបានសញ្ញាយល់ព្រមណាមួយនៅឡើយទេ។ យើងសង្ឃឹមថាអ្វីៗនឹងល្អប្រសើរឡើងវិញ។
គួរឲ្យដឹងថា BYD មានអាជីវកម្មនៅក្នុងប្រទេសឥណ្ឌារួចមកហើយ ដោយបានវិនិយោគទឹកប្រាក់ចំនួន ២០០លានដុល្លារ ក្នុងការលក់រថយន្តអគ្គិសនីរបស់ខ្លួន សម្រាប់តែម៉ូដែល SUV Atto 3 និង Seal sedan ប៉ុណ្ណោះ។
ជម្រាបជូនផងដែរថា បើតាមទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌា បានបង្ហាញថា BYD លក់រថយន្តបានប្រហែល ២ ៣០០ គ្រឿងនៅឥណ្ឌា ក្នុងឆ្នាំ២០២៣ ស្របពេលលោក Chauhan បានបង្ហាញក្តីរំពឹងទុកខ្ពស់ថាការលក់អាចនឹងលើសពីចំនួនឆ្នាំមុន បន្ទាប់ពីលក់បានជាង ១ ៩០០ គ្រឿងរួចមកហើយ ក្នុងរយៈពេលត្រឹម ៩ខែដំបូងនៃឆ្នាំ២០២៤ នេះ៕