ម្ចាស់ប្រេន Dior និង Gucci ដឹកដៃគ្នារបូតលុយអស់ជាង ១៤ពាន់លានដុល្លារ ក្រោយភាគហ៊ុនក្រុមហ៊ុនធ្លាក់ចុះ

អន្តរជាតិ

ក្នុងរយ:ពេលថ្មីៗនេះ មហាសេដ្ឋីដែលនៅពីក្រោយក្រុមហ៊ុនប្រេនល្បីៗមួយចំនួនរបស់ពិភពលោក កំពុងទទួលរងការខាតបង់ទឹកប្រាក់អស់រាប់ពាន់លានដុល្លារ ក្រោយតម្លៃភាគហ៊ុនក្រុមហ៊ុនរបស់ពួកគេធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Insider។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មួយក្នុងចំណោមនោះ គឺលោក Bernard Arnault ដែលជាស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន LVMH ដែលជាក្រុមហ៊ុនមេរបស់ប្រេន Dior និង Sephora បានរបូតលុយប្រហែល ១៣ពាន់លានដុល្លារ ក្រោយភាគហ៊ុនរបស់ LVMH ធ្លាក់ចុះ ៧% នៅក្នុងការជួញដូរចុងក្រោយ ក្នុងទីផ្សារហ៊ុនទីក្រុងប៉ារីស កាលពីថ្ងៃអង្គារកន្លងទៅ។

គួរឲ្យដឹង លោក Arnault ធ្លាប់ជាប់ឈ្មោះជាអ្នកមានបំផុតនៅលើភពផែនដីកាលពីប៉ុន្មានខែមុន ប៉ុន្តែដោយសារតែតម្រូវការទំនិញប្រណីតនៅក្នុងប្រទេសចិនធ្លាក់ចុះ បានកាត់បន្ថយតម្លៃភាគហ៊ុនរបស់ LVMH ជាង ១០% នៅឆ្នាំនេះ។

ដោយឡែក គូប្រជែងធំរបស់ Arnault គឺលោក François Pinault ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Kering និងជាក្រុមហ៊ុនមេរបស់ប្រេន Gucci និង Balenciaga ក៏មើលឃើញទ្រព្យសម្បត្តិរបស់ខ្លួនធ្លាក់ចុះ ផងដែរ ក្នុងរយ:ពេលចុងក្រោយនេះ។



ភាគហ៊ុនរបស់ក្រុមហ៊ុន Kering បានធ្លាក់ចុះ ៨% កាលពីថ្ងៃអង្គារ ដោយបានកាត់បន្ថយទ្រព្យសម្បត្តិរបស់លោក Pinault ច្រើនជាង ១ពាន់លានដុល្លារ។

ជម្រាបជូនថា លោក Pinault ជាប់ចំណាត់ថ្នាក់ទី៨៣ ក្នុងបញ្ជីមហាសេដ្ឋីមានបំផុតលើលោក ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ២៤ពាន់លានដុល្លារ ខណ:ធ្លាក់ចុះអស់ជាង ១១ពាន់លានដុល្លាររួចមកហើយ ក្នុងឆ្នាំនេះ៕