បណ្តាប្រទេសនៃសហភាពអឺរ៉ុប (EU) បានសម្រេចបើកភ្លើងខៀវចំពោះផែនការដែលមិនធ្លាប់មានពីមុនមក ក្នុងការផ្តល់ប្រាក់កម្ចីចំនួន ៣៥ពាន់លានអឺរ៉ូ (៣៨ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់សេដ្ឋកិច្ចអ៊ុយក្រែន ជាមួយនឹងការប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់ធនាគារកណ្តាលរបស់រុស្ស៊ី ក្នុងការធ្វើជាទ្រព្យបញ្ចាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Euro News។
កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមទូលំទូលាយដោយសម្ព័ន្ធមិត្តក្រុមប្រទេស G7 ដើម្បីផ្តល់ទឹកប្រាក់សរុបចំនួន ៤៥ពាន់លានអឺរ៉ូ (៥០ពាន់លានដុល្លារ) ដល់រដ្ឋាភិបាលទីក្រុង Kyiv ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណ:អ៊ុយក្រែនកំពុងតស៊ូដើម្បីទប់ទល់នឹងការវាយលុកជាថ្មីពីសំណាក់កងទ័ពរុស្សី ដែលបានបំផ្លាញប្រព័ន្ធថាមពលយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យបាត់បង់កងកម្លាំងយោធារបស់ខ្លួនជាច្រើន ផងដែរ។
យ៉ាងណាមិញ បើយោងតាមមន្ត្រីសហភាពអឺរ៉ុប បានបង្ហាញឲ្យដឹងថាសម្រាប់ប្រាក់កម្ចីចំនួន ៣៥ពាន់លានអឺរ៉ូ ខាងលើនឹងត្រូវផ្តល់ជូនក្រោមលក្ខខណ្ឌ “មិនកំណត់” ដែលនេះមានន័យថារដ្ឋាភិបាលអ៊ុយក្រែន អាចប្រើប្រាស់ជំនួយនេះតាមភាពបត់បែនរបស់ខ្លួនបាន។
ជម្រាបជូនផងដែរថា បើតាមរបាយការណ៍ដែលទទួលបានពីការធ្វើវិសោធនកម្មរបស់រដ្ឋដែលជាសមាជិក EU បានបង្ហាញឲ្យដឹងថាទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កកដោយក្រុមប្រទេសសហភាពអឺរ៉ុប មានចំនួនសរុបប្រហែល ២១០ពាន់លានអឺរ៉ូ គិតមកទល់ពេលនេះ៕